Cct850x100 1
1800px x h300px kh

ឥរិយាបថសម្តេចហ៊ុន សែន នាំឱ្យកម្ពុជាចំណេញទាំងសេដ្ឋកិច្ចនិងនយោបាយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គន្ធា អេង និង ឃុន សម្ផស្ស
/
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរចម្រុះជាតិសាសន៍ពីលើនាវា Westerndam នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

ភ្នំពេញ៖សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បានធ្វើដំណើរទៅទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរចម្រុះជាតិសាសន៍ពីលើនាវាWesterndam ដើម្បីឡើងយន្តហោះធ្វើដំណើរទៅកាន់ប្រទេសកំណើតវិញ។ នាវាកម្សាន្តWesterndam ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យចូលចតនៅកំពង់ផែព្រះសីហនុ បន្ទាប់ពីប្រទេសផ្សេងៗមិនឱ្យចូលចត។អ្នកវិភាគសេដ្ឋកិច្ច និងនយោបាយកម្ពុជា មើលឃើញថា ឥរិយាបថរបស់សម្តេចហ៊ុន សែន នេះ គឺទាញបានផលចំណេញទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។

លោកបណ្ឌិតឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា សកម្មភាពរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ នឹងទាញបានផលចំណេញច្រើនលើផ្នែកសេដ្ឋកិច្ចនាពេលខាងមុខ។ លោកពន្យល់ថា នាវិក និងក្រុមទេសចរដែលជិះលើនាវាWesterndam នឹងចងចាំទុកក្នុងចិត្តនូវទង្វើមួយនេះ ហើយនឹងជួយកៀងគរទេសចរ ក៏ដូចជាវិនិយោគិនមកលេងកម្សាន្ត និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លោកបានគូសបញ្ជាក់បន្ថែមថា នេះក៏ជាទង្វើមួយដែលបង្ហាញពីទឹកចិត្ត និងមនុស្សធម៌របស់រដ្ឋាភិបាលកម្ពុជាដោយមិនភ័យខ្លាចពីមេរោគឆ្លងកូរ៉ូណាផងដែរ។

ចំពោះផ្នែកនយោបាយវិញ លោកបណ្ឌិតឆេង គីមឡុង បានអះអាងថា វានឹងបង្ហាញពីសាមគ្គីភាព មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងមិនប្រកាន់និន្នាការនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ លោកបានបន្ថែមថា សកម្មភាពនេះក៏ជាការបង្ហាញថា កម្ពុជាគោរពនិងលើកកម្ពស់ដល់ការគោរពសិទ្ធិមនុស្សដោយមិនមានការរើសអើងថែមទៀតផង។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ទៀតនោះ គឺវានឹងអាចជួយបន្ទន់ចិត្តសហគមន៏អន្តរជាតិ និងសហភាពអឺរ៉ុបឱ្យបន្ធូរបន្ថយ និងសម្រួលដល់ការអនុគ្រោះពន្ធដល់កម្ពុជាឡើងវិញ។

លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាវិញយល់ថា កាយវិការរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ នឹងជះឥទ្ធិពលដល់ការសម្រេចចិត្តបន្ទាប់របស់សហភាពអឺរ៉ុបចំពោះបញ្ហាEBA ។ ប៉ុន្តែ វាមិនមែនជាការកត្តាកំណត់នោះទេ ព្រោះលោកយល់ថា ការសម្រេចរបស់អឺរ៉ុបនេះគឺពាក់ព័ន្ធនឹងបញ្ហានយោបាយ។ បន្ថែមលើនេះ លោកបណ្ឌិតគិន ភា ក៏អះអាងថា ទង្វើនេះជាផ្នែកមួយ និងជាក់ស្តែងតែម្តងនៃការគោរពសិទ្ធិមនុស្សជាតិរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន។

ក្រៅពីនេះ បណ្ឌិតវិទ្យាសាស្រ្តនយោបាយរូបនេះ ក៏បានគូសបញ្ជាក់ដែរថា សកម្មភាពនេះ វាក៏ជាការបង្ហាញពីឥរិយាបថវប្បធម៌ការទូតមនុស្សធម៌មួយដ៏ល្អប្រសើរ និង ជាសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់រដ្ឋាភិបាលកម្ពុជាចំពោះជាតិសាសន៍ដទៃ ដោយមិនមានការររើសអើង។

ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបង្ហាញឥរិយាបថបែបមនុស្សធម៌ដោយអនុញ្ញាតឲ្យនាវា Westerndam ចូលចតនៅក្នុងកំពង់ផែរបស់ខ្លួន មានសារព័ត៌មានបរទេសជាច្រើនបានចាប់អារម្មណ៍នឹងឥរិយាបទនេះ។ភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី១៤ ខែកុម្ភៈនេះ បានចុះផ្សាយចំណងជើងថា«ភ្ញៀវទេសចរណ៍ដែលជាប់គាំងក្នុងនាវាដោយសារការភ័យខ្លាចរបស់វីរុស បញ្ចប់ដោយផ្កាកុលាបនៅកម្ពុជា»។

ក្នុងសារព័ត៌មាននោះបានរៀបរាប់ថា អ្នកដំណើរជាច្រើននាក់បានឱបដោយនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន និងទទួលបានផ្កាកុលាបទាំងគ្នា ព្រមទាំងបានអនុញ្ញាតឱ្យដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានគោលដៅមួយចំនួនក្នុងទេសកម្ពុជាផងដែរ។

ក្នុងបណ្តាញសារព័ត៌មានបរទេសខ្លះ បានជួបសម្ភាសន៍ជាមួយទេសចរជាប់លើនាវាដោយពួកគេបានថ្លែងការអរគុណយ៉ាងខ្លាំងចំពោះសម្តេចហ៊ុន សែន និងរាជរដ្ឋាភិបាលទាំងមូលដែលបានស្វាគមន៍ពួកគេយ៉ាងកក់ក្តៅ។ លោកស្រី Joe Spaziani អាយុ ៧៤ ឆ្នាំមកពីរដ្ឋ Florida សហរដ្ឋអាមេរិក ក្នុងចំណោមអ្នកទេសចរណ៍ជាង២ពាន់នាក់បានប្រាប់អ្នកយកព័ត៌មានថា អ្នកដំណើរជាច្រើននឹងទៀតពាក់ក្រមាដែលជាក្រមរបស់ជនជាតិខ្មែរនៅជុំវិញពិភពលោក។លោកស្រីថា ប្រទេសកម្ពុជា ជាប្រទេសតែមួយគត់ដែលបានអនុញ្ញាតឱ្យយើងចុះចត ដូច្នេះវាពិតជាអស្ចារ្យណាស់៕

ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Khcct banner

អត្ថបទទាក់ទង