Yearendyearend1140x150

ថៃចាប់ខ្លួនពាណិជ្ជករចិនម្នាក់ពាក់ព័ន្ធបើក«ល្បែងអនឡាញ»ក្រៅប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ថៃ៖ ពាណិជ្ជករចិន លោក She Zhijiang ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ ហើយនឹងត្រូវធ្វើបត្យាប័នទៅកាន់ប្រទេសចិន ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទបើកអាជីវកម្មល្បែងអនឡាញនៅខាងក្រៅប្រទេសចិន។

លោកShe Zhijiang មានអាយុ ៤០ឆ្នាំ ត្រូវបានគេស្គាល់ថា She Lunkai ដែលមានសញ្ជាតិខ្មែរ បានភៀសខ្លួនចេញពីប្រទេសចិនតាំងពីឆ្នាំ ២០១២ ហើយបានបើកក្រុមហ៊ុនល្បែងអនឡាញនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងហ្វីលីពីន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។

ប៉ូលីសថៃបានឲ្យដឹងថា លោក She Zhijiang ត្រូវបានចាប់ខ្លួន និង ឃុំខ្លួនដោយនាយកដ្ឋានអន្តោប្រវេសន៍កាលពីថ្ងៃពុធ សប្តាហ៍មុន ហើយទិដ្ឋាការរបស់លោកក៏ត្រូវបានលុបចោលផងដែរ ដោយរង់ចាំពាក្យសុំធ្វើបត្យាប័ន។

យោងតាមការដីកាចាប់ខ្លួន ចេញដោយស្ថាប័នប៉ូលិសអន្តរជាតិបានឲ្យដឹងថា លោក She Zhijiang កំពុងប្រឈមមុខនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងប្រតិបត្តិការកាស៊ីណូដោយអាជ្ញាធរចិន ហើយនឹងប្រឈមមុខនឹងការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។

លោក She Zhijiang បានពាក់ព័ន្ធនឹងការដឹកនាំក្រុមសង្គមងងឹត និង បានសហការជាមួយអ្នកដទៃចុះបញ្ជីក្រុមហ៊ុន ដើម្បីសិក្សាស្រាវជ្រាវ និងបង្កើតវេទិកាល្បែងអនឡាញ ចាប់ពីខែមករា ឆ្នាំ២០១៨ ដល់ខែកុម្ភៈ ឆ្នាំ២០២១ ។

ដីកានេះបានបង្ហាញថា វេទិកាល្បែងអនឡាញនេះ បានបង្កើតគេហទំព័រល្បែងស៊ីសងជាច្រើន ហើយមានអ្នកលេងល្បែងជាង ៣៣ម៉ឺននាក់ បានចុះឈ្មោះជាសមាជិក។លោក She Zhijiang បានទទួលប្រាក់ចំណូលខុសច្បាប់សរុបចំនួន ១៥០ លានយន់ (ប្រហែល ២២ លានដុល្លារអាម៉ឹរិក) ដោយក្រោយមកបានវេលុយទៅក្រៅប្រទេស" ។

ទីភ្នាក់ងារសារព័ត៌មាន Frontier Myanmar បានរាយការណ៍ថា លោកShe Zhijiang ទទួលបានសញ្ជាតិកម្ពុជា ក្នុងឆ្នាំ ២០១៧ ប៉ុន្តែលក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិរបស់លោកគឺមិនទាន់ដឹងច្បាស់ទេ។ បច្ចុប្បន្ននេះ ប្រទេសចិន និង ថៃបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការធ្វើបត្យាប័នរួចហើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង