Yearendyearend1140x150

អាម៉េរិកផ្ដល់ថវិកា២៥លានដុល្លារលើគម្រោង"កម្ពុជាហាវេស III"ដើម្បីពង្រឹងវិស័យកសិកម្មកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋាភិបាលអាម៉េរិកបានផ្ដល់កញ្ចប់ថវិកា ២៥លានដុល្លារអាម៉េរិកសម្រាប់រយ:ពេល៥ឆ្នាំមកកម្ពុជា ដើម្បីប្រើប្រាស់លើគម្រោង “The Feed the Future Cambodia Harvest III” ក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្មកម្ពុជា។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។

នៅក្នុងឱកាសបើកកម្មវិធី “The Feed the Future Cambodia Harvest III” ឯកឧត្តម W. Partrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានផ្តល់ថវិកាប្រមាណជិត១០០លានដុល្លារក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្មកម្ពុជា។ ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន ដូច្នេះគម្រោង "កម្ពុជាហាវេស III" នេះគឺបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការសម្រេចគោលដៅមួយនេះ។

ទន្ទឹមនឹងនេះ ឯកឧត្ត វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា គម្រោង “The Feed the Future Cambodia Harvest III” ដែលកំពុងដំណើរការនាពេលនេះ នឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាពតាមរយ:ការបង្កើនពិពិធកម្ម និងការប្រកួតប្រជែងទីផ្សារកសិផល ដែលកំពុងមាននិន្នាការកើនឡើងជាលំដាប់។

តាមរយ:គម្រោងនេះ រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា បានបង្ហាញនូវសុទុដ្ឋិនិយមថាពិតជានឹងចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសជួយជំរុញវិស័យកសិកម្ម ឱ្យកាន់តែទំនើប មានភាពប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជួយបង្កើនសមត្ថភាពវិស័យឯកជនក្នុងការផលិត ធានាគុណភាព សុវត្ថិភាព និងជំរុញការនាំចេញ។

ដោយឡែក គម្រោងខាងលើពិតជាមានសារៈសំខាន់ណាស់ក្នុងការគាំទ្រផ្នែកធនធានថវិកាសម្រាប់ពង្រីកការវិនិយោគ និងផ្តល់បច្ចេកទេសផលិតដល់វិស័យឯកជន ពិសេសសហគមន៍កសិកម្មតាមរយ: ៖១. ការបង្កើនទុនវិនិយោគ ដើម្បីពង្រឹងផលិតភាពកែច្នៃ និងពង្រីកប្រព័ន្ធទីផ្សារលក់។ ២. ការពង្រឹង សមត្ថភាពកែច្នៃ និងសមត្ថភាពគ្រប់គ្រងកសិដ្ឋាន។ ៣. ការបង្កើនបរិមាណកសិផលចូលទីផ្សារ និង ៤. ការកែលម្អគុណភាព ពង្រឹងប្រព័ន្ធត្រួតពិនិត្យអនាម័យតាមរយៈការជំរុញឱ្យប្រើប្រាស់នូវបច្ចេកវិទ្យា សមស្របនិងនវានុវត្តន៍៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង