Yearendyearend1140x150

ឯកឧត្តម សៅ សុខា បញ្ជាឱ្យស៊ើបអង្កេត ករណីពលរដ្ឋម្នាក់ស្លាប់ នៅខេត្តកំពង់ធំ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ

កំពង់ធំ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៩ សីហា នេះ បានចេញបទបញ្ជាបន្ទាន់ឱ្យស៊ើបអង្កេត ករណីការបង្ក្រាបបទល្មើសរហូតបណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ។

បើតាមគណនីហ្វេសប៊ុករបស់គ្រួសារជនរងគ្រោះ កាលពីថ្ងៃទី០៧ សីហា បានឱ្យដឹងថា បុរសឈ្មោះ សួង ឌ័ន មានអាយុ៤៧ឆ្នាំ បានចូលជ្រកភ្លៀងនៅតូបកាហ្វេមួយ បន្ទាប់ពីចេញពីប្រជុំ។ បន្ទាប់មកមានប៉េអឺម បានចាប់សង្កត់ត្រង់ចំណុច ករ រហូតបណ្ដាលឱ្យស្លាប់។

បើតាមរបាយការណ៍ ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានរាយការណ៍អំពីការឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលប្រព្រឹត្តលេងល្បែងស៊ីសង (មាន់ជល់តាមប្រព័ន្ធអនឡាញ) ក្នុងចំណោមនោះមានជនសង្ស័យឈ្មោះ សួង ឌ័ន ម្នាក់ផងដែរ។

នៅពេលដែលបញ្ជូនជនសង្ស័យ៤នាក់នោះ មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ពេលមកដល់មុខវត្តបល្ល័ង្ក ភូមិបល្ល័ង្ក ស្រុកបារាយណ៍ ឈ្មោះ សួង ឌ័ន ក៏បាននិយាយថាមិនស្រួលខ្លួន ស្របពេលនោះជនសង្ស័យនោះមានអាការៈស្លេកស្លាំង ដកដង្ហើមកាន់តែញាប់ ពេលនោះកម្លាំងកងរាជអាវុធហត្ថបានជួយធ្វើចលនាបេះដូង និងបន្តដំណើរបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីឱ្យគ្រូពេទ្យធ្វើការសង្គ្រោះ ប៉ុន្តែពេលដល់មន្ទីរពេទ្យឈ្មោះ សួង ឌ័ន បានស្លាប់បាត់បង់ជីវិត។

បន្ទាប់រឿងនេះ បានកើតឡើង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានចេញបទបញ្ជាបន្ទាន់ឱ្យ កងរាជអាវុធហត្ថខេត្តកំពង់ធំ ស៊ើបអង្កេត ករណីការបង្ក្រាបបទល្មើសរហូតបណ្តាលឱ្យបុរសឈ្មោះ សួង ឌ័ន រស់នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ បានស្លាប់ ក្នុងប្រតិបត្តិការកម្លាំងអាវុធហត្ថថចុះទៅបង្ក្រាបបទល្មើសល្បែងជល់មាន់តាមអនឡាញ។

បើតាមឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា កងរាជអាវុធហត្ថ នឹងធ្វើការស៊ើបសង្កេត ស្រាវជ្រាវករណីនេះឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមច្បាប់ រកយុត្តិធម៌ជូនក្រុមគ្រួសារនៃសព តាមរយៈការចុះធ្វើចំពោះកិច្ចដល់កន្លែងកើតហេតុ ដោយក្រុមការងារ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង