Yearendyearend1140x150

ក្រសួងបរិស្ថាន ផ្ដល់ទឹកនឹងដបទឹក ដល់សិស្សដើម្បីកាត់បន្ថយការប្រើប្លាស្ទិក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងបរិស្ថាន

ខេត្តសៀមរាប ៖ ក្រសួងបរិស្ថាន កាលពីថ្ងៃទី០៦ សីហា បានចុះពិនិត្យគម្រោងទឹកស្អាត និងអនាម័យ (Project W) ជាគម្រោង របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ដែលបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងផ្តល់ដំណោះស្រាយចំពោះបញ្ហាកង្វះទឹកស្អាត និងបង្គន់អនាម័យនៅតាមសាលារៀន។ មិនតែប៉ុណ្ណោះ គម្រោងទឹកស្អាត និងអនាម័យ មានការតម្លើងធុងទឹកចម្រោះទឹកស្អាតសម្រាប់សិស្សានុសិស្ស និងសហគមន៍ ក្នុងការជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងសហគមន៍។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា គម្រោងនេះគឺជាផ្នែកមួយដែលក្រសួងបរិស្ថានបានផ្តល់ការគាំទ្រអង្គការជឿជាក់លើសិស្សជនបទក្នុងការធ្វើឱ្យសហគមន៍នៅក្នុងខេត្តសៀមរាបមិនមានប្លាស្ទិក ដោយផ្តើមពីសាលារៀនទៅ ក្នុងនេះក្រសួងបរិស្ថានបានចែកដបទឹកដែលអាចប្រើប្រាស់ជំនួសដបប្លាស្ទិក និងផ្តល់នូវប្រភពទឹកស្អាតដែលក្រៅពីមិនត្រឹមជួយដល់សុខភាពទេ វាក៏នៅផ្តល់គុណភាពទឹកស្អាត ហើយនៅជាផ្នែកមួយកាត់បន្ថយការប្រើប្រាស់ដបផ្លាស្ទិកនិងការចំណាយទិញទឹកសម្រាប់បរិភោគថែមទៀត។

ឯកឧត្តម តម នេត្រ ភក្រ្តា បានមានប្រសាសន៍បន្ដថា ការផ្តល់ទឹក និងដបទឹកសម្រាប់សិស្សានុសិស្សនេះគឺជាផ្នែកមួយពង្រឹងផ្នែកបរិស្ថានដើម្បីធ្វើយ៉ាងណាកុំឱ្យសាលានេះមានប្លាស្ទិកនិងការកាត់បន្ថយចំណាយលើការទិញទឹកបរិភោគ។ បើតាមគម្រោងនឹងផ្តល់ដបទឹកចំនួន៤ម៉ឺនដល់សិស្សានុសិស្សដែលកំពុងរៀននៅជុំវិញតំបន់ឧទ្យាជាតិអង្គរនេះ។

ទន្ទឹមនឹងនេះដែរ ការតម្លើងធុងទឹកចម្រោះទឹកស្អាតសម្រាប់សិស្សានុសិស្ស និងសហគមន៍ ប្រើប្រាស់នៅតាមសាលារៀនមិនត្រឹមតែជួយក្នុងការកាត់បន្ថយប្លាស្ទិកក្នុងសហគមន៍ទេ ប៉ុន្តែជាផ្នែកមួយសំខាន់ក្នុងការផ្តល់នូវគុណភាពទឹកស្អាតសម្រាប់ប្រើប្រាស់ដែលជាផ្នែកផ្តល់នូវសុខភាពនិងការចំណាយថវិកាទិញទឹកបរិភោគថែមទៀត ។

គួរបញ្ជាក់ថា គម្រោងទឹកស្អាត និងអនាម័យ (Project W) ជា គម្រោងមួយដែលមានគោលដៅចម្បងក្នុងការលើកកម្ពស់សុខភាព ការសិក្សា និងអនាម័យឱ្យមានភាពល្អប្រសើរនៅតាមសាលារៀនសាធារណៈ ព្រមទាំងជំរុញការចូលរួមថែរក្សាបរិស្ថាន និងការកាត់បន្ថយការបំពុលដោយសំណល់ប្លាស្ទិកដោយផ្ដើមចេញពីគ្រឹះសា្ថនអប់រំ តាមរយៈការផ្តល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាត ឡដុតសំរាម និងបង្គន់អនាម័យ។ គម្រោងនេះបានកំពុងអនុវត្តគម្រោងសាកល្បងរបស់ខ្លួនចំនួន ៥ សាលាក្នុងនោះរួមមាន វិទ្យាល័យ ខ្នារសណ្តាយ វិទ្យាល័យ តេជោ ហ៊ុន សែន អង្គរធំ អនុវិទ្យាល័យ តាប៉ាង អនុវិទ្យាល័យខ្ចាស់ និង វិទ្យាល័យត្រពាំងប្រិយ៍៕

រូបភាព៖ ក្រសួងបរិស្ថាន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង