Yearendyearend1140x150
Img 0571

ការប្រកួតបាល់ទាត់មិត្តភាពវ័យចំណាស់ ជួយផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងទេសចរណ៍

សៀមរាប៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ (កម្ពុជា ថៃ ឡាវ និងវៀតណាម) នៅខេត្តសៀមរាប រយៈពេល៤ថ្ងៃ ចាប់តាំងពីថ្ងៃទី៤-៧ ខែសីហា។ ព្រឹត្តិការណ៍នេះ បានចូលរួមផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង» ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ។

ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គនេះបានធ្វើឡើងចាប់តាំងពីថ្ងៃទី៤-៧ ខែសីហា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ និងដោយមានការចូលរួមពីក្រុមកីឡាករទាំង៤ មានកម្ពុជា ថៃ ឡាវ និងវៀតណាមសរុបចំនួន១៥០នាក់ ត្រូវបានបញ្ជប់ប្រកបដោយភាពជោគជ័យ ដែលមានអ្នកចូលរួមទស្សនាប្រមាណជាង១០០០នាក់។

លោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មកម្សាន្ត និងកីឡាទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញសក្តានុពលទេសចរណ៍ខេត្តសៀមរាប-អង្គរ ក្នុងដំណាក់កាលនៃការងើបឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ស្របតាមផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិនៅបណ្តាប្រទេសតាមដងទន្លេមេគង្គ។

លោកបានបន្តថា ព្រឹត្តិការណ៍នេះក៏បានចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកីឡាទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិនិងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍នៅកម្ពុជា ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES – ASEAN PARA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕

រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង