Yearendyearend1140x150

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ កើនឡើង១០.៤%ក្នុងរយៈពេល២ឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរបានកើនឡើងពី ៣.៤៩ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៣.៨៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ (កើនឡើង ១០.៤%)។ នេះបើតាមការបញ្ជាក់របស់ឯកត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងឱកាសពិភាក្សាការងាររវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងឱកាសនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា ទាក់ទងនឹងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ថៃ ឯកឧត្តមបានលើកទឹកចិត្តអ្នកវិនិយោគថៃនៅកម្ពុជា ឱ្យចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដើម្បី ប្រើប្រាស់សក្តានុពលធុរកិច្ចរបស់កម្ពុជាឱ្យបានពេញលេញ។ បន្ថែមពីនេះ ឯកឧត្តមលើកទឹកចិត្ត និងស្វាគមន៍អ្នកវិនិយោគថៃដែលមានសក្តានុពលកាន់តែច្រើនមកកាន់កម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ឆ្ពោះទៅរកផលប្រយោជន៍ និងវិបុលភាពទៅវិញទៅមក។

ថ្លែងក្នុងឱកាសនោះ លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ បានថ្លែងថា គោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃនាពេលនេះ គឺដើម្បីបង្កើនឱកាសពាណិជ្ជកម្ម ពង្រីកបណ្តាញទីផ្សារតាមរយៈពិព័រណ៍ពាណិជ្ជកម្មមានគុណភាពខ្ពស់ ជាពិសេស នៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។

លោកបន្តថា ជាងនេះទៅទៀត ទស្សនកិច្ចពាណិជ្ជកម្ម និងពិព័រណ៍ពាណិជ្ជកម្មនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ជាមួយដៃគូអាជីវកម្មនានាក្នុងប្រទេសកម្ពុជា ដូចជា សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសមាគមពាណិជ្ជកម្មនានា ដើម្បីអញ្ជើញធុរជនកម្ពុជា-ថៃ ជួបគ្នាក្នុង គោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃបន្ថែមទៀត។

ជាមួយគ្នានេះដែរ ឧកញ៉ា លីម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការផ្គូរផ្គងធុរកិច្ចរវាងប្រទេសទាំងពីរ ដើម្បីធានាលំហូរនៃអាជីវកម្ម និងការវិនិយោគជាដើម តួយ៉ាងដូចជា ការរៀបចំ កិច្ចប្រជុំពិភាក្សាការងារនេះ រួមទាំងការផ្គូផ្គងអាជីវកម្មរវាងប្រទេសទាំងពីរផងដែរ ដែលនឹងនាំមកនូវផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ភាគីទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង