Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសគំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony J. Blinken នៅថ្ងៃទី០៤សីហានេះ បានប្រកាសពីគម្រោងថ្មីមួយក្នុងទឹកប្រាក់ ២៥ លានដុល្លារអាមេរិក គឺ «គម្រោងកម្ពុជាហាវែស III» ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុង ប្រទេសកម្ពុជា។ គម្រោងកម្ពុជាហាវែស III មានរយៈពេល ៥ ឆ្នាំ ដែលគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID។

លោករដ្ឋមន្ត្រីការបរទេស Blinken មានប្រសាសន៍ថា ៖ «យើង ជឿជាក់លើគម្រោងនេះ យើងជឿជាក់លើដៃគូនានារបស់យើង ហើយយើងចង់ធ្វើការល្អៗឱ្យបានច្រើនជាមួយគ្នា។ វាពិតជាមានសារៈសំខាន់ដែលយើង ត្រូវពង្រឹងនូវសន្តិសុខស្បៀងពិភពលោក និង ដោះស្រាយឬសគល់នៃភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និង ភាពក្រីក្រ» ។

គម្រោង កម្ពុជាហាវែស III នឹងធ្វើការជាមួយដៃគូកម្ពុជាក្នុងវិស័យកសិកម្ម អ្នកផ្តល់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និង ភាគីពាក់ព័ន្ធវិស័យឯកជនដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និង ចាប់យកឱកាសទីផ្សារសម្រាប់កសិករ ។

គម្រោងនេះ នឹងកសាងបន្ថែមលើការវិនិយោគដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ តាមរយៈការលើកកម្ពស់ឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព ណែនាំនូវបច្ចេកវិទ្យាកសិកម្មវៃឆ្លាតបែបធន់នឹងអាកាសធាតុ និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី យុវជន និង ប្រជាជនងាយរងគ្រោះ ។

ក្នុងរយៈពេលគម្រោង ៥ ឆ្នាំនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID រំពឹងថានឹងរកបាន ៣៩ លានដុល្លារ ក្នុងការវិនិយោគវិស័យឯកជនថ្មី បង្កើតការងារថ្មីជាង ៣ ពាន់កន្លែង ជួយដល់បណ្តារធុរកិច្ចនិងអ្នកផលិតក្នុងវិស័យកសិកម្មកម្ពុជា ឱ្យទទួលបានហិរញ្ញប្បទាន ១៥ លានដុល្លារ និងរកបាន ១០០ លានដុល្លារ ពីការលក់៕


Khcct banner

អត្ថបទទាក់ទង