Yearendyearend1140x150

យុទ្ធនាការអន្ទាក់សូន្យ រយៈពេល ១៥២ថ្ងៃនេះ ទទួលបានផលវិជ្ជមាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

មណ្ឌលគិរី៖ គិតត្រឹម ថ្ងៃទី៣១ កក្កដា យុទ្ធនាការអន្ទាក់សូន្យដំណើរការបាន ១៥២ថ្ងៃ ដែលធ្វើឱ្យមានផលវិជ្ជមានជាច្រើន។ ប្រជាពលរដ្ឋបានចាប់ផ្តើមយល់ដឹងកាន់តែច្រើនថាសាច់សត្វព្រៃ និងសំណាក ឬឈាមសត្វព្រៃមិនមែនជាឧសថ ឬជាថ្នាំប៉ូវកម្លាំង។ ក្នុងនោះ ភោជនីយដ្ឋានចំនួន ៤២ នៅក្នុងខេត្តព្រះវិហារ ក្រចេះ មណ្ឌលគិរី បានប្រកាសចូលរួមការពារនិងអភិរក្សសត្វព្រៃតាមរយៈការមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃគ្រប់ប្រភេទជូនដល់អតិថិជនរបស់ខ្លួនឡើយ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារយុទ្ធនាការ បានថ្លែងនៅក្នុងការបញ្ចប់ យុទ្ធនាការអន្ទាក់សូន្យនៅខេត្តមណ្ឌលគិរី ថារយៈពេល ១៥០ ថ្ងៃនេះ យុទ្ធនាការបានប្រព្រឹត្តទៅដោយរលូនដោយបានធ្វើយុទ្ធនាការជាបន្តបន្ទាប់នៅខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី។ក្រោយបញ្ចប់យុទ្ធនាការអន្ទាក់សូន្យនៅខេត្តមណ្ឌលគិរីនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ យុទ្ធនាការនឹងបន្តបាញ់ឆ្ពោះទៅខេត្តកំពង់ធំនាខែសីហា និងខេត្តរតនគិរីនាខែកញ្ញាខាងមុខនេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ជារួមយុទ្ធនាការអន្ទាក់សូន្យបានធ្វើឱ្យមានផលវិជ្ជមានច្រើនលើការគិត និងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ និងក៏បានចូលរួមផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋលើបញ្ហាសត្វព្រៃ។ រហូតមកដល់ពេលនេះ ភោជនីយដ្ឋានចំនួន ៤២ នៅក្នុងខេត្តព្រះវិហារ ក្រចេះ មណ្ឌលគិរី បានប្រកាសចូលរួមការពារនិងអភិរក្សសត្វព្រៃតាមរយៈការមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃគ្រប់ប្រភេទជូនដល់អតិថិជនរបស់ខ្លួនឡើយ។ នេះគឺជាការការចូលរួមប្រកបដោយគុណតម្លៃ និងមានប្រសិទ្ធភាពបំផុត គ្មានការផ្គត់ផ្គត់ គ្មានការប្រើប្រាស់សាច់សត្វព្រៃ។

ឯកឧត្តមនេត្រ ភក្ត្រា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋបានចាប់ផ្តើមយល់ដឹងកាន់តែច្រើនថាសាច់សត្វព្រៃ និងសំណាក ឬឈាមសត្វព្រៃមិនមែនជាឧសថ ឬជាថ្នាំប៉ូវកម្លាំង ឬជួយសុខភាពខ្លួនឱ្យល្អនោះទេ តែផ្ទុយមកវិញ អាចនឹងធ្វើឱ្យសុខភាពពួកគេរងផលប៉ះពាល់ដោយសារតែនៅក្នុងសាច់សត្វ ឈាមសត្វព្រៃមានមេរោគជាច្រើនប្រភេទ ពេលខ្លះសាហាវអាចផ្តាច់អាយុជីវិតយើងឆាប់រហ័សថែមទៀត។

គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យបានប្រកាសបើកជាផ្លូវការនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ចំទិវាសត្វព្រៃពិភពលោក។ យុទ្ធនាការអន្ទាក់សូន្យនេះផ្តោតសំខាន់ទៅលើខេត្តចំនួន ៦ នៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើតរួមមានខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តកំពង់ធំ។ ខេត្តទាំង ៦ នេះមានផ្ទៃដីអភិរក្សធំ និងជាតំបន់ដែលមានការបរបាញ់សត្វព្រៃច្រើនផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង