Yearendyearend1140x150

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌៖ការហៅអ្នកជំទាស់មកពន្យល់ពីការកែរដ្ឋធម្មនុញ្ញពុំមែនធ្វើដើម្បីបង្រ្គប់កិច្ច

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅថ្ងៃទី ៣០ កក្កដានេះ បានថ្លែងបញ្ជាក់ជាថ្មីថា ការអញ្ជើញគណបក្សនយោបាយ អង្គការសង្គមស៊ីវិល ឬអ្នកដែលមិនគាំទ្រនឹងការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ទៅស្តាប់ការពន្យល់ម្តងទៀតនេះ ពុំមែនជាការធ្វើ ដើម្បីបង្រ្គប់កិច្ចនោះទេ។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្រោយពីមានមតិរិះគន់មួយចំនួនពីក្រុមគណបក្សនយោបាយ អង្គការសង្គមស៊ីវិលថា ការហៅនេះហាក់ដូចជាគ្មានន័យទេ ខណៈដែលច្បាប់​នេះ​ត្រូវបាន​រដ្ឋសភា​អនុម័យរួចហើយ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌  បានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌ហៅអ្នកជំទាស់មកប្រជុំនៅពេលខាងមុននេះ គឺពុំមែនជាជំនួបពិគ្រោះយោបល់នោះទេ តែជាការបកស្រាយពន្យល់ដោយផ្ទាល់បន្ថែមទៀត ចំពោះគណបក្សនយោបាយមួយចំនួន ឬអង្គការសង្គមស៉ីវិលមួយចំនួន ដែលយល់មិនបានច្បាស់អំពីខ្លឹមសារ និង គោលបំណងពិតប្រាកដនៃវិសោធនកម្មលើកទី ១០ នៃរដ្ឋធម្មនុញ្ញ ពិសេសការយល់ភ័ន្តច្រឡំ និង ដោយមិនត្រឹមត្រូវថា វិសោធនកម្មលើកទី ១០ នេះ ប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ឬរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ឬរបបសភានិយម។

បើតាមឯកឧត្តម កើត រិទ្ធ បានពន្យល់បន្ថែមថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ នេះ ក៏មិនខុសទៅនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៩ លើក កន្លងមកទេ គឺតែងអនុវត្តទៅតាមគន្លងនៃនីតិវិធីដ៏តឹងរឹងនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដូចដែលតំណាងរាជរដ្ឋាភិបាលបានបកស្រាយបំភ្លឺជូនជាសាធារណៈជាបន្តបន្ទាប់នាពេលកន្លងមក។

ឯកឧត្តម កើត រិទ្ធ បានថ្លែងការពារថា ការអញ្ជើញមកជួបនេះ ចំពោះគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលមួយចំនួន ក៏ពុំមែនជាការធ្វើដើម្បីបង្រ្គប់កិច្ចដែរ គឺដើម្បីឱ្យអ្នកជំទាស់យល់ឱ្យច្បាស់លាស់អំពីចខ្លឹមសារ និង គោលបំណងពិតប្រាកដនៃការធ្វើវិសោធនកម្មនេះ ចៀសវាងគាត់ស្វែងយល់ខ្លួនឯង មានការខ្វះខាត ឬ ស្តាប់ពីអ្នកវិភាគនានាដែលវិភាគមិនបានគ្រប់ជ្រុងជ្រោយ។

គួរបញ្ជាក់ថា រដ្ឋសភាកម្ពុជា នៅថ្ងៃទី ២៨ កក្កដា បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលជាការធ្វើវិសោធនកម្មចម្រូងចម្រាស់មតិរបស់គណបក្សក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល។ ទាំង១០៥សំឡេងនៃសមាជិកសភា បានលើកដៃគាំទ្រទាំងស្រុងទៅលើការស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង