Yearendyearend1140x150

អ្នកជំនាញចាត់ទុកការធ្លាក់នូវ«កម្លាំងពលកម្ម»ក្នុងវិស័យកសិកម្មជារឿងល្អ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក តី សារិន ប្រធានគ្រប់គ្រងកម្មវិធី អង្គការដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា

ភ្នំពេញ៖ អ្នកជំនាញវិស័កសិកម្ម បានចាត់ទុកការធ្លាក់នូវកម្លាំងពលកម្មក្នុងវិស័យកសិកម្មជារឿងល្អ ព្រោះវាបានជំនួសមកវិញនូវការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការប្រើប្រាស់គ្រឿងម៉ាស៊ីន ឬទំនើបកម្មវិស័យកសិកម្ម ដើម្បីដោះស្រាយបញ្ហាកម្លាំងពលកម្ម ខណៈបច្ចុប្បន្នកម្ពុជាមានកម្លាំងពលកម្មក្នុងវិស័យកសិកម្មប្រមាណ ៣៥ ភាគរយ ហើយអាចនឹងបន្តធ្លាក់ចុះថែមទៀតនាពេលខាងមុខ។

លោក តី សារិន ប្រធានគ្រប់គ្រងកម្មវិធី អង្គការដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា បានថ្លែងថា ការធ្លាក់ចុះនៃកម្លាំងពលកម្ម គឺមិនមែនដោយសារតែមានការចំណាកស្រុកនោះទេ ប៉ុន្តែកសិករបានងាកចាប់អារម្មណ៍ក្នុងការធ្វើទំនើបកម្មកសិកម្ម ដោយមានការប្រើប្រាស់បច្ចេកវិទ្យាទំនើប ឬគ្រឿងម៉ាស៊ីន ជំនួសកម្លាំងពលកម្ម ព្រោះវាអាចបានទិន្នផលបានច្រើន និងចំណេញពេលវេលា។

លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងថា កាលពី ១០ ឆ្នាំ មុនកម្លាំងពលកម្ម (ក្នុងវិស័យកសិកម្ម) សរុបមានជាង ៥០ ភាគរយ ប៉ុន្ដែឥឡូវនេះមានតែ ៣៥ ភាគរយ ដូចនេះវាធ្លាក់ចុះ ហើយក៏មិនកើនឡើងវិញដែរ។

អ្នកនាំពាក្យរូបនេះបានអះអាងថា និន្នាការនេះនឹងបន្តធ្លាក់ចុះទៀតនៅឆ្នាំ ២០៣០ វានឹងចុះពីជាង ៣០ ភាគរយ នាពេលឥឡូវនេះទៅ ២៥ ឬ២០ ភាគរយ។ កម្លាំងពលកម្មដែលបម្រើនៅក្នុងវិស័យកសិកម្មគឺកាន់តែថយទៅ ហើយវាជាក្រឹត្យក្រមគឺត្រូវតែបែបនេះ។ ដូចនេះដើម្បីរក្សាកម្លាំងពលកម្មក្នុងវិស័យកសិកម្មឱ្យរក្សាបាននូវគោលដៅដែលអាចរក្សាបានគឺផ្លាស់ប្ដូរការគ្រប់គ្រងក្នុងវិស័យកសិកម្មទៅជាលក្ខណៈទំនើបកម្ម។

លោកពន្យល់ថា កសិករវ័យចាស់ៗ មិនអាចទៅធ្វើកសិកម្មដោយខ្លួនឯងបានទេ ពួកគាត់ត្រូវពឹងទៅលើការស្វែងរកសេវាកសិកម្មខាងក្រៅ ដោយស្វែងរកសេវាជួលភ្ជួរ រាស់ស្រែ ចម្ការ និងច្រូតកាត់ជាដើមដែលនិន្នាការនេះកំពុងកើតមានឡើងនៅកម្ពុជា ប៉ុន្តែកសិករវ័យក្មេងនៅកម្ពុជាបានចាប់ផ្ដើមប្រើប្រាស់ជំនាញបច្ចេកទេសខ្ពស់ក្នុងការគ្រប់គ្រងលើវិស័យកសិកម្មរបស់ពួកគេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង