Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

កម្ពុជាជំរុញបង្កើនជើងហោះហើរជាមួយសិង្ហបុរីបន្ថែម ដើម្បីទាក់ទាញលំហូរទេសចរអន្តរជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ (ឆ្វេងដៃ) ជាមួយ ឯកឧត្ដម ថុង អ៊ីដវីន (Tong Edwin) រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី (ស្ដាំដៃ)

ភ្នំពេញ៖ នៅពេលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ឈានចូលមកដល់ កម្ពុជានឹងមានតម្រូវការធ្វើដំណើរពីក្រៅប្រទេសមកកាន់តែច្រើន ដែលរាជរដ្ឋាភិបាលចាំបាច់ត្រូវជំរុញបង្កើនការហោះហើរពីបរទេស ក្នុងនោះកម្ពុជាសម្លឹងឃើញច្រកផ្លូវអាកាសដ៏ចម្បងមួយក្នុងការដឹកជញ្ជូនទេសចរ នោះគឺការបង្កើនជើងហោះហើរជាមួយសិង្ហបុរី។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍។

នៅក្នុងជំនួបពិភាក្សារវាងឯកឧត្ដម ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ ជាមួយឯកឧត្ដម ថុង អ៊ីដវីន (Tong Edwin) រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ភាគីទាំងពីរបានលើកឡើងពីការជំរុញបង្កើនជើងហោះហើរជាមួយគ្នាបន្ថែមទៀត ដើម្បីទាក់ទាញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសត្រៀមលក្ខណៈក្នុងការដឹកជញ្ជូនអ្នកដំណើរ និងត្រៀមទទួលភ្ញៀវទេសចរនៅពេលស៉ីហ្គេមមកដល់។

ភាគីទាំងពីរបានលើកឡើងអំពីការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-សិង្ហបុរីរបស់ក្រុមហ៊ុនអាកាចរណ៍សិង្ហបុរី (Singapore Airline) និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ដែលជាកត្តាសំខាន់ក្នុងការជំរុញទេសចរអន្តរជាតិមកកាន់កម្ពុជា ខណៈសិង្ហបុរីគឺជាច្រកផ្លូវអាកាសដ៏សំខាន់ក្នុងការនាំភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសនានាក្នុងតំបន់ និងសកលលោក។

នៅក្នុងឱកាសនោះ ឯកឧត្ដម ទិត ចន្ថា បានលើកឡើងថា ស្របពេលជាមួយព្រឹត្តិការណ៍កីឡាស៊ីហ្គេម កម្ពុជាបានប្រកាសដាក់ឆ្នាំ២០២៣ជាឆ្នាំទស្សនាកម្ពុជា (Visit Cambodia 2023) ដើម្បីជួយជំរុញកំណើនភ្ញៀវទេសចរ សកម្មភាពសេដ្ឋកិច្ចសង្គមនៅទូទាំងប្រទេស ដោយឯកឧត្ដមបានអះអាងថា នៅពេលស៊ីហ្គេមមកដល់ កម្ពុជានឹងមានតម្រូវការធ្វើដំណើរមកពីក្រៅច្រើនណាស់ ហើយសង្ឃឹមថាសិង្ហបុរីបង្កើនការហោះហើរ។

ឯកឧត្ដមបានបន្តថា សិង្ហបុរីនឹងក្លាយជាប្រទេសដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនអ្នកដំណើរនិងភ្ញៀវទេសចរមកកាន់កម្ពុជា ដោយសារប្រទេសនេះជាសមាជិកអាស៊ានផង ហើយតភ្ជាប់ជើងហោះហើរមកពីជុំវិញពិភពលោកជាមួយកម្ពុជាផងដែរ៕

រូបភាព៖ ក្រសួងទេសចរណ៍


Khcct banner

អត្ថបទទាក់ទង