Yearendyearend1140x150
Img 0571

បុស្បា ប៉ាន់ ស្រ្ដីខ្មែរដំបូងបញ្ចប់ការសិក្សាជំនាញ«និពន្ធតន្ដ្រី» ពីសាកលវិទ្យាល័យCambridge

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
កញ្ញា បុស្បា ប៉ាន់ ក្នុងថ្ងៃទទួលសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ខែកក្កដា ឆ្នាំ២០២២ (រូបភាព៖ កញ្ញា បុស្បា ប៉ាន់)

អង់គ្លេស៖ កញ្ញា បុស្បា ប៉ាន់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញនិពន្ធតន្ដ្រី (Music Composition) នៃសាកលវិទ្យាល័យ Cambridge (University of Cambridge) កាលពីឆ្នាំ២០២២។ បច្ចុប្បន្ននេះ កញ្ញាកំពុងធ្វើការនៅក្នុងក្រុមហ៊ុនតន្ត្រីនៅទីក្រុងឡុងដ៍ ជាអ្នកជំនាញផ្នែកតន្ត្រីបុរាណ។ នាថ្ងៃអនាគត កញ្ញានឹងបន្តនិពន្ធបទភ្លេងសម្រាប់សិល្បៈ និងតន្ត្រីខ្មែរផងដែរ។

កញ្ញា បុស្បា បានប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាបានផ្លាស់ទីលំនៅ ទៅរស់នៅសហរដ្ឋអាម៉េរិក តាំងពីកញ្ញាមានអាយុ ១៥ឆ្នាំមកម្លេះ។ នៅទីនោះកញ្ញា បានសិក្សាពីជំនាញនៃការច្រៀង នៅវិទ្យាល័យសិល្បៈ Walnut Hill School for the Arts និងបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៥។

ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ កញ្ញាបានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញនិពន្ធតន្ដ្រី នៅសាលា New England Conservatory of Music (NEC) ក្នុងទីក្រុងBoston រដ្ឋMassachusetts និងបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៩។ នៅក្នុងការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនេះ កញ្ញាបុស្បា បានសរសេរសារណា លើប្រធានបទ «តន្ត្រី ក្រោយរបបប្រល័យពូជសាសន៍ ខ្មែរក្រហម»។

នៅក្នុងឆ្នាំ២០២០ កញ្ញា បានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញនិពន្ធតន្រ្តី ដូចគ្នាទៅនឹងថ្នាក់បរិញ្ញាបត្រដែរ។ កញ្ញា បានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Cambridge (University of Cambridge) និងបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ២០២២។ នៅក្នុងការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ កញ្ញា បានសរសេរសារណា លើប្រធានបទ «ការបញ្ជាក់ភាពជាខ្មែរ ៖ លទ្ធភាពប្រព្រឹត្ត ខ្មែរ នៅក្នុងតន្ត្រីបស្ចិមប្រទេស»។

កញ្ញា បុស្បា បានឱ្យដឹងថាអំឡុងពេលសិក្សា ជំនាញនិពន្ធតន្រ្ដី កញ្ញាជាសិស្សម្នាក់ដែលពូកែនៅក្នុងជំនាញនេះ ដូច្នេះកញ្ញាមិនមានផលលំបាកអ្វីឡើយ ប៉ុន្ដែនៅពេលកញ្ញាចាប់ផ្ដើមធ្វើសារណា កញ្ញា ពិបាកនៅក្នុងការរកគ្រូដឹកនាំ ដោយសារប្រធានបទ ដែលកញ្ញាបានធ្វើជាប្រធានបទ ដែលទាក់ទងនឹងតន្ត្រីខ្មែរ។

រូបភាព៖ កញ្ញា បុស្បា ប៉ាន់

កញ្ញា បុស្បា បានបន្ដថា តាមរយៈការសរសេរសារណានេះ នឹងជំរុញឱ្យយុវជនខ្មែរ កំណត់ជោគវាសនារបស់ខ្លួន ដោយដៃខ្លួនឯងផ្ទាល់ និងផ្ដលតម្លៃដល់វប្បធម៌របស់ខ្មែរ បើទោះបីជាវប្បធម៌ខ្មែររងផលប៉ះពាល់ ពីការហូរចូលនៃវប្បធម៌បរទេសក្ដី។ បន្ថែមពីនេះទៀត កញ្ញាចង់ឃើញការផ្លាស់ប្តូររបស់ប្រជាជននៅបស្ចិមប្រទេស ក្នុងការបើកចំហកាន់តែទូលាយចំពោះវប្បធម៌នៃប្រទេសឆ្ងាយៗដូចជាប្រទេសកម្ពុជា និងបង្កើតកន្លែងមួយ នៅក្នុងវិស័យអប់រំផ្នែកតន្ត្រី និងវប្បធម៌កម្ពុជា។

កញ្ញា បុស្បា បានបន្ដទៀតថា ការសិក្សា ជំនាញនិពន្ធតន្ត្រី និងអាចលើកទឹកចិត្តនិស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ឱ្យយកចិត្តទុកដាក់លើការអប់រំផ្នែកតន្ដ្រី ដើម្បីឱ្យពិភពលោកឃើញថា វប្បធម៌របស់ខ្មែរ មិនមែនជាបុព្វកាល ប៉ុន្តែជាប្រទេសមួយដែលមានប្រវត្តិដ៏សម្បូរបែបដែលគួរសិក្សា និងឱ្យប្រជាជនកម្ពុជាក្លាយជាអ្នកសិក្សាពីវប្បធម៌ខ្មែរ និងពាំនាំនូវវប្បធម៌ខ្មែរទៅកាន់ពិភពលោកដោយខ្លួនឯង ព្រោះសព្វថ្ងៃនេះ អ្នកស្រាវជ្រាវអំពីវប្បធម៌ខ្មែរភាគច្រើនគឺជាពួកលោកខាងលិច។

កញ្ញា បានឱ្យដឹងទៀតថា ភាពជោគជ័យធំបំផុតរបស់កញ្ញា គឺការវិវត្តពីអ្នកចម្រៀងកាលពីក្មេង (កញ្ញា ចាប់ផ្ដើមច្រៀងនៅអាយុ ៧ឆ្នាំ) មកជាអ្នកស្រាវជ្រាវតន្ត្រីខ្មែរ។ កញ្ញាយកឈ្នះលើបញ្ហាប្រឈមនានាក្នុងការផ្លាស់ប្តូរ និងស្គាល់ខ្លួនឯងកាន់តែច្បាស់។ រឿងមួយទៀតដែលកញ្ញា បុស្បាមានសំណាងក្នុងអាជីពដំបូងរបស់ខ្លួន គឺមានគ្រូបង្រៀនដែលយកចិត្តទុកដាក់ចំពោះកញ្ញា ក្នុងពេលដែលមិនមាននរណាយកចិត្តទុកដាក់ចំពោះកញ្ញា ដោយសារកញ្ញាជាស្ត្រី ឬដោយសារតែកញ្ញា មកពីប្រទេសកម្ពុជា។ សារៈសំខាន់នៃភាពជាខ្មែរសម្រាប់កញ្ញា បានផ្តល់ឱ្យកញ្ញានូវទំនុកចិត្តក្នុងការតស៊ូ និងបន្តដំណើរទៅមុខ។

ជាមួយគ្នានេះដែរ កញ្ញា កំពុងសម្រេចចិត្តថាតើកញ្ញា នឹងធ្វើជាអ្នកស្រាវជ្រាវ ឬសាស្រ្តាចារ្យ ឬធ្វើការនៅក្នុងវិស័យតន្ត្រីទូទៅ នោះទេ ប៉ុន្ដែកញ្ញា បុស្បា នឹងបន្តនិពន្ធបទភ្លេង សម្រាប់សិល្បៈ និងតន្ត្រីខ្មែរ។ បន្ថែមពីនេះទៀត កញ្ញា ចង់សរសេរសៀវភៅអំពីតន្ត្រី និងអត្តសញ្ញាណខ្មែរ ផងដែរ៕

កញ្ញា បុស្បា ប៉ាន់ ក្នុងពិធី Minerva Festival ខែមិថុនា ឆ្នាំ២០២១ (រូបភាព៖ កញ្ញា បុស្បា ប៉ាន់)
កញ្ញា បុស្បា ប៉ាន់ នៅក្នុងKing's College Chapel នៃសាកលវិទ្យាល័យ Cambridge ខែឧសភា ឆ្នាំ២០២១ (រូបភាព៖ កញ្ញា បុស្បា ប៉ាន់)
រូបភាព៖ កញ្ញា បុស្បា ប៉ាន់


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង