Yearendyearend1140x150

ឯកឧត្តម ជា វណ្ណដេត ពន្យល់ពីការឱ្យដក«ឧបករណ៍​បង្កើន​កម្លាំង​សេវា​ទូរស័ព្ទ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍

ភ្នំពេញ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ នៅថ្ងៃទី ២៦ ខែកក្កដា បានស្នើឱ្យ​ប្រជាពលរដ្ឋ ​រស់នៅ​ក្នុង​បុរី​មួយចំនួន ​ក្នុង​រាជធានី​ភ្នំពេញ ដែល​កំពុង​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា​ទូរស័ព្ទ ត្រូវ​បញ្ឈប់ និង​រុះ​រើចេញ បន្ទាប់ពី​រកឃើញថា ការប្រើប្រាស់​ឧបករណ៍​នេះ​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​កម្រិត​គុណភាព​សេវា​ទូរស័ព្ទ​ចល័ត​ក្នុង​តំបន់​នោះ​។​ក្រោយការស្នើនេះ ប្រជាពលរដ្ឋមួយចំនួនរិះគន់មកលើក្រសួង និង បានចោទជាសំណួរថា ហេតុអ្វីមិនទៅពិនិត្យគុណភាពរបស់ក្រុមហ៊ុនដែលផ្តល់សេវាទូរសព្ទចល័ត?

ឆ្លើយតបនឹងសំណួរនេះ ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានពន្យល់ថា ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត គឺមានការពាក់ព័ន្ធនឹងកត្តាជាច្រើន ប៉ុន្តែកត្តាសំខាន់មួយចម្បង គឺការប្រើប្រាស់ឧបករណ៍ Booster/Repeater ដែលធ្វើឱ្យមានការឆ្លងរំខាន នៅទីតាំងដែលមានប្រើប្រាស់ឧបករណ៍ទាំងនេះតែម្តង។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានលើកជាឧទាហរណ៍ថា កាលពី ៣ ឆ្នាំមុន បើសិនតំបន់មួយមានទំហំ ២ គីឡូម៉ែត្របួនជ្រុង មានសេវាមិនគ្រប់គ្រាន មានន័យថា អាចប្រើបានតែមិនទាន់ចិត្ត ហើយបើដាក់ Booster តែ ១ ឬ ច្រើនប៉ុន្តែនៅដាច់ឆ្ងាយពីគ្នា (អាចថា ៥០០ ម៉ែត្រយ៉ាងតិច) គឺមិនមានបញ្ហានោះទេ តែដោយឡែកបច្ចុប្បន្ននេះ ផ្ទះជាច្រើនក្នុងតំបន់នេះបានដំឡើងឧបករណ៍នេះប្រើប្រាស់សឹងគ្រប់ផ្ទះ ដែលធ្វើឱ្យសេវានៅតំបន់នោះមានភាពរអាក់រអួលបំផុត ដោយសារការឆ្លងរំខានទៅលើប្រព័ន្ធទូរសព្ទចល័ត។

ឯកឧត្តម ជា វណ្ណដេត បានសង្កត់ធ្ងន់ថា "ក្រសួងបានប្រកាស ដើម្បីស្នើឱ្យប្រជាពលរដ្ឋដកចេញ ព្រោះក្រសួងនឹងធ្វើតេស្តគុណភាពសេវាទូរសព្ទចល័តក្នុងរាជធានីភ្នំពេញ ហើយដូច្នេះ បើមិនដក Booster ចេញទេ លទ្ធផលនៃការធ្វើតេស្តយកជាការមិនបាន"។

បើតាមឯកឧត្តម ជា វណ្ណដេត បន្ទាប់មក ក្រសួងនឹងចុះទៅធ្វើតេស្តតាមភូមិសាស្ត្រនីមួយៗតាមកម្រិតខណ្ឌ ឬសង្កាត់ ដើម្បីបន្តត្រួតពិនិត្យឱ្យបានកាន់តែច្បាស់លាស់។ ផ្អែកលើលទ្ធផលតេស្តនេះ ក្រសួងនឹងចាត់វិធានការឱ្យក្រុមហ៊ុនវិនិយោគបន្ថែម ឬធ្វើការកែតម្រូវផ្នែកបច្ចេកទេស។

ឯកឧត្តម ជា វណ្ណដេត ថ្លែងថា "ប្រជាជនចង់បានពងមាន់មកហូប ប៉ុន្តែបានសម្លាប់មេមាន់ទៅហើយ។ បើពុំមានមេមាន់ តើមានពងមកពីណា។ ដូចគ្នានេះដែរ បើអត់មានការធ្វើតេស្តដើម្បីទទួលលទ្ធផលទេ តើក្រសួងអាចធ្វើការពង្រឹងគុណភាពសេវាទូរសព្ទបានយ៉ាងដូចម្តេច?"


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង