Yearendyearend1140x150

សមាគមភស្តុភារកម្មកម្ពុជារំពឹងពីផលចំណេញឡើងវិញ ក្រោយប្រេងសាំងធ្លាក់ថ្លៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) 

ភ្នំពេញ៖ តម្លៃប្រេងសាំងលើទីផ្សារក្នុងតំបន់ និង អន្តរជាតិបានធ្លាក់ថ្លៃជាបន្តបន្ទាប់ ហើយកត្តានេះបានធ្វើឱ្យសមាគមភស្ដុភារកម្មកម្ពុជាយល់ឃើញថា ការធ្លាក់ចុះតម្លៃប្រេងសាំងនេះ នឹងផ្ដល់ផលចំណេញ និងជួយជំរុញឲ្យតម្លៃដឹកជញ្ជូននៅកម្ពុជាងើបឡើងវិញ បន្ទាប់ពីក្រុមហ៊ុនដឹកជញ្ជូនមួយបានដំឡើងថ្លៃដឹកជញ្ជូនដោយសារការឡើងថ្លៃតម្លៃប្រេងសាំងកន្លងមក។ នេះបើតាមការលើកឡើងរបស់លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) ។

លោក ស៊ិន ចន្ធី បានប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃនេះថា មកទល់ពេលនេះស្ថានភាពនៃការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាមានសភាពល្អប្រសើរឡើងវិញជាខ្លាំង ឬអាចនិយាយបានថាមានសភាពធម្មតាវិញហើយរួមផ្សំនឹងតម្លៃប្រេងសាំង បានធ្លាក់ថ្លៃជាបន្តបន្ទាប់ នោះវិស័យដឹកជញ្ជូនអាចនឹងទទួលបានផលចំណេញច្រើនឡើងវិញជាបណ្ដើរៗដែរ។

លោកបន្តថា បច្ចុប្បន្ននេះ វិស័យដឹកជញ្ជូនកម្ពុជានៅតែរងផលប៉ះទង្គិចបន្តិចបន្តួចបន្ថែមទៀតពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលជាផ្នែកមួយធ្វើឱ្យតម្លៃប្រេងសាំងឡើងថ្លៃ ហើយបើទោះជាមួយរយៈនេះតម្លៃសាំងចុះថ្លៃបន្តិចមែន ប៉ុន្តែក៏មិនទាន់ចុះដល់តម្លៃទាបដូចពីមុនដែរ ហើយនៅតែមិនសូវទទួលបានផលចំណេញដូចពីមុន។ ក្រៅពីនេះ វិស័យដឹកជញ្ជូនក៏មានបញ្ហាផ្សេងៗទៀតដូចជា កង្វះទូកុងតឺន័រ និងការឡើងថ្លៃខ្ពស់ហួសហេតុចំពោះការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងទ្វីបជាដើម។

លោកបន្ថែមថា ទោះបីជាមានផលប៉ះពាល់យ៉ាងណាក៏ដោយក៏វិស័យដឹកជញ្ជូននៅកម្ពុជានៅតែរក្សាដំណើរការបានដដែរ ហើយការនាំចេញរបស់កម្ពុជានាពេលបច្ចុប្បន្ននេះក៏មិនមានការកកស្ទះដែរ។ ទាក់ទងនឹងបញ្ហាតម្លៃសាំងឡើងថ្លៃគឺមិនមែនជាឧបសគ្គធំដែលអាចបង្អាក់ការដឹកជញ្ជូននៅកម្ពុជាបានទេ ជារួមគឺគ្រាន់តែខាតបង់ផលចំណេញជាងមុនបន្ដិចតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា វិស័យដឹកជញ្ជូននៅកម្ពុជាគឺមានដំណើរការធម្មតា ហើយនៅតាមព្រំដែននីមួយៗដូចជាព្រំដែនកម្ពុជា-ថៃ, កម្ពុជា-វៀតណាម និងកម្ពុជា-ឡាវ ក៏មិនមានការកកស្ទះការដឹកជញ្ជូនទំនិញដែរ។ចំពោះការដឹកជញ្ជូននៅតាមកំពង់ផែនីមួយៗរបស់កម្ពុជាដូចជា កំពង់ផែសមុទ្រ និងកំពង់ផែទឹកសាប មិនមានបញ្ហាកកស្ទះអ្វីដែរ ជារួមគឺមានដំណើរការប្រព្រឹត្តទៅធម្មតា ហើយមកទល់ពេលនេះក៏ពុំទាន់មានវិធានការណ៍បន្ថែមទៀតដែរ។

រីឯកំពង់ផែនៅលើពិភពលោកដែលកម្ពុជាត្រូវនាំទៅទំនិញទៅ បើទោះបីជាមានកកស្ទះក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ននេះហាក់បីដូចជាមានសកម្មភាពប្រសើរជាងមុនបន្តិច។ នេះជាការលើកឡើងរបស់ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា។

គួរបញ្ជាក់ថា តម្លៃប្រេងសាំងលើទីផ្សារក្នុងតំបន់ និងអន្តរជាតិបានឡើងថ្លៃគួរឱ្យកត់សម្គាល់ ដែលបណ្តាលមកពីសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន ក្នុងនោះចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នឹងមានតម្លៃ៥.២៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៥.៦០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ កត្តានេះបានធ្វើឱ្យតម្លៃដឹកជញ្ជូនក្នុងស្រុកកើនឡើងចន្លោះពី១៥%ទៅ២០% បន្ទាប់ពីក្រុមហ៊ុនដឹកជញ្ជូនមួយចំនួននៅក្នុងរាជធានីភ្នំពេញបានចរចារជាមួយដៃគូក៏ដូចជាអ្នកប្រើប្រាស់ដើម្បីសុំដំឡើងថ្លៃដឹកជញ្ជូន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង