Yearendyearend1140x150
Img 0571

សភាពាណិជ្ជកម្មថៃនឹងមកកម្ពុជាដើម្បីពង្រឹងនិងពង្រីកលើការវិនិយោគរវាងប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គណៈប្រតិភូសភាពាណិជ្ជកម្មថៃ នឹងធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជាចាប់ពី ថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីវិស័យឯកជនថៃចំនួន៧០ក្រុមហ៊ុន។ នៅក្នុងដំណើរទស្សនកិច្ចនេះ នឹងមានកិច្ចពិភាក្សាការងារជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរកម្ពុជា-ថៃផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាស ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២កក្កដានេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មថៃដឹកនាំដោយ លោកស្រី Doung Jai សមាជិកសភាពាណិជ្ជកម្មថៃ ដែលមានការចូលរួមពី ឯកឧត្តមអគ្គនាយកជំរុញពាណិជ្ជកម្ម ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងមន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារបានស្វាគមន៍គណៈប្រតិភូថៃ មកកាន់ប្រទេសកម្ពុជា និងជាពិសេសមកកាន់ក្រសួងពាណិជ្ជកម្មនាពេលនេះ។

នៅក្នុងឱកាសនេះ លោកស្រី Doung Jai បានឱ្យដឹងថា គណៈប្រតិភូសភាពាណិជ្ជកម្មថៃ នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរកម្ពុជា-ថៃផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ក្រសួងពាណិជ្ជកម្មគាំទ្រ និងផ្តល់កិច្ចសហការជាមួយ សភាពាណិជ្ជកម្មថៃក្នុងការរៀបចំព្រឹត្តិការណ៍ខាងលើ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរបន្ថែមទៀត។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃមានទំហំទឹកប្រាក់ជាង ៣,៦៤៥លានដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជានាំចេញទៅថៃក្នុងទំហំទឹកប្រាក់ជាង ១៨៥លានដុល្លារអាមេរិក និងថៃនាំចេញមកកម្ពុជា ក្នុង ទំហំទឹកប្រាក់ជាង ៣,៤៦០លានដុល្លារអាមេរិក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង