Yearendyearend1140x150

ប្រុយណេ សរសើរចំពោះកិច្ចខិតខំរបស់ប្រេសិតពិសេសប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២នៃប្រទេសព្រុយណេដារ៉ូស្សាឡាម បានជួបប្រជុំតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ ដើម្បីពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ក៏ដូចជាពិភាក្សាអំពីការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពទ្វេភាគី ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងព្រុយណេដារ៉ូស្សាឡាម។

ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ បានរំឭកឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសព្រុយណេដារ៉ូស្សាឡាមចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅក្នុងការដឹកនាំអាស៊ានឆ្លងកាត់បញ្ហាប្រឈមធំៗជាច្រើនរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ ឯកឧត្ដមបានចែករំលែកទស្សនៈរបស់ឯកឧត្ដមអំពីមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូសន្ទនារវាងអាស៊ាន និងចក្រភពអង់គ្លេស និងនូវែលសេឡង់ ដែលព្រុយណេដារ៉ូស្សាឡាមកំពុងដើរតួនាទីជាប្រទេសសម្រប សម្រួលរបស់អាស៊ាន។ ឯកឧត្តមក៏បានសំដែងនូវការលើកទឹកចិត្តយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងបានចែក រំលែកទស្សនៈ និងគំនិតរបស់ឯកឧត្ដមអំពីរបៀបដែលអាស៊ានអាចជំរុញបន្ថែមទៀតនូវការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់មេដឹកនាំអាស៊ាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ ចំពោះការគាំទ្ររបស់ព្រុយណេដល់កម្ពុជា និងបានចែករំលែកទស្សនៈរបស់ឯកឧត្តមលើបញ្ហាពហុភាគីផ្សេងៗ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រួមគ្នា។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងក្រៅតំបន់។

ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាផងដែរអំពីទំនាក់ ទំនងទ្វេភាគី និងបានវាយ តម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ដែល ត្រូវបានពង្រឹងជាបន្តបន្ទាប់នៅលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំងពីរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង