Yearendyearend1140x150

កម្ពុជា-ថៃ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់បង្កើនភាពជិតស្និទ្ធក្នុងវិស័យភស្តុភារកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

បាងកក៖ អនុស្សារណៈយោគយល់ដើម្បីបង្កើនចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យភស្តុភារកម្ម ត្រូវបានចុះហត្ថលេខារវាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រថៃ និងគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ការចុះហត្ថលេខាធ្វើឡើងក្នុងគោលបំណងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងស្មារតីយោគយល់គ្នា និងសុច្ឆន្ទៈ និងបង្កើនចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងវិស័យភស្តុភារកម្ម។

បើតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់នេះ ធ្វើឡើងដោយការស្ម័គ្រចិត្តសម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែកគោលនយោបាយ និងការគាំទ្រលើវិសាលភាព និងទិសដៅគន្លឹះជាអាទិ៍៖ ១) កម្រិតក្របខណ្ឌគោលនយោបាយរួមមានគោលនយោបាយភស្តុភារកម្ម ក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិ ក្របខណ្ឌស្ថាប័ន យន្តការសម្របសម្រួល និងការសម្រេចចិត្តដំណើរការនៃការអនុវត្ត តាមដាន និងវាយតម្លៃគោលនយោបាយ ២) សូចនាករ និងប្រព័ន្ធផ្ទុកទិន្នន័យភស្តុភារកម្ម រួមមានថ្លៃចំណាយភស្តុភារកម្មធៀបនឹងកំណើនផលិតផលក្នុងស្រុកសរុប (Logistics Cost per GDP) និងសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI: Logistics Performance Index) ៣) គាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម។

ភាគីទាំងពីរបានពិភាក្សា និងចែករំលែកគ្នាទៅវិញទៅមកអំពីសាវតារនៃការរៀបចំ និងការអនុវត្តគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យភស្តុភារកម្ម ក្នុងនោះរួមមានការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មជាវិស័យអាទិភាព និងចាំបាច់បំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង