Yearendyearend1140x150

បក្សប្រជាជនប្តេជ្ញាលុបបំបាត់«ភាពអសកម្ម»ដែលនាំឱ្យពលរដ្ឋថ្នាំងថ្នាក់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គណបក្សប្រជាជនកម្ពុជា បើកសន្និបាត វិសាមញ្ញ នៅថ្ងៃទី ១៦-១៧ ឆ្នាំ២០២២។រូបភាព៖ CPP

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចដ៏ធំនៅប្រទេសកម្ពុជា បានបើកសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់ខ្លួន ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយស្វែងរកហេតុ និងផល ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥កន្លងមក។គណបក្សកាន់អំណាចមួយនេះ មានដាក់គោលដៅសំខាន់របស់ខ្លួនធ្វើយ៉ាងណាលុបបំបាត់«ភាពអសកម្ម»ដែលនាំឱ្យពលរដ្ឋថ្នាំងថ្នាក់។

សន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្សកាន់អំណាចនេះ បានរៀបចំឡើងនៅវិមាន៧មករា រយ:ពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១៦ និង ១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេច ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា និង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សគ្រប់ជាន់ថ្នាក់មាន​ចំនួនសរុប៣.៤៧៤រូប។

ការបើកសន្និបាតនាពេលនេះ ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយស្វែងរកហេតុ និងផល ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមក ហើយនឹងពិភាក្សាពីគោលដៅ ដើម្បីបំពេញបន្ថែម ឈានទៅរកការឈ្នះឆ្នោតក្នុងការបោះឆ្នោតតំណាងរាស្ត្រ នាឆ្នាំ២០២៣ ពេលខាងមុខនេះ។

សម្ដេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស បានថ្លែងចាត់ទុកការងារអនុវត្តគោលនយោបាយរបស់គណបក្សនៅរយៈពេលកន្លងមក បាននាំឱ្យគណបក្សកាន់តែលេចធ្លោទាំងនៅក្នុង និងក្រៅប្រទេស រហូតទទូលបានជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។

តែយ៉ាងណាក៏ដោយ គណបក្សកាន់អំណាចនេះ បានប្រាប់ដល់សមាជិករបស់ខ្លួនមិនត្រូវមានមោទនភាពពេក ចំពោះលទ្ធផលបោះឆ្នោតនេះទេ ហើយជំរុញឱ្យប្រឹងប្រែងពុះពារជម្នះ ហើយបន្តធ្វើសកម្មភាពឥតថមថយប្រកបដោយប្រសិទ្ធភាពទាំងក្នុងការអនុវត្តកម្មវិធីនយោបាយ ទាំងក្នុងការកសាងពង្រឹងគណបក្សទាំងការផ្សារភ្ជាប់បម្រើប្រជាជន ហើយព្យាយាមលុបបំបាត់នូវបាតុភាពអសកម្មដែលធ្វើឱ្យប្រជាជនថ្នាំងថ្នាក់ដើម្បីធានាមូលដ្ឋានដ៏រឹងមាំសម្រាប់ជ័យជម្នះ។

គួរបញ្ជក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកាន់អំណាចយូរឆ្នាំជាងគេនៅក្នុងប្រទេសកម្ពុជា។គិតត្រឹមឆ្នាំ២០២២នេះ គណបក្សនេះ មានអាយុកាល៧១ឆ្នាំហើយ។ឈ្មោះដំបូងរបស់បក្សនេះ គឺ បក្សប្រជាជនបដិវត្តន៍ខ្មែរ ហើយត្រូវបានប្តូរមកជាបក្សប្រជាជនបដិវត្តន៍កម្ពុជា បក្សពលករកម្ពុជា បក្សកុម្មុយនីស្តកម្ពុជា និង គណបក្សប្រជាជនកម្ពុជា។ ឈ្មោះគណបក្សប្រជាជនកម្ពុជា គឺជាឈ្មោះចុងក្រោយ និងត្រូវបានប្រើរហូតមកដល់សព្វថ្ងៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង