Yearendyearend1140x150

បង់ក្លាដែសស្វែងរកការគាំទ្រពីកម្ពុជា ចំពោះសំណើក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រទេសបង់ក្លាដែសចង់បានការគាំទ្រពីកម្ពុជា ចំពោះសំណើរបស់ខ្លួន ក្លាយជាដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន សំណើនេះក៏ចំពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។

សំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ កាលពីពេលថ្មីៗនេះ ក្នុងពេលដែលរដ្ឋមន្ត្រីការបរទេសបង់ក្លាដែសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល បីថ្ងៃ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និង បង់ក្លាដែស ឯកឧត្ដម អាប់ឌុល ម៉ូមិនរដ្ឋមន្ត្រីការបរទេសនៃប្រទេសបង់ក្លាដែស បានស្វែងរកការគាំទ្រពីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ចំពោះសំណើរបស់បង់ក្លាដែស ដើម្បីក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។

ជាការឆ្លើយតប ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអះអាងចំពោះ ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស នូវការគាំទ្ររបស់កម្ពុជា ដោយគូសបញ្ជាក់ពីដំណើរការដែលតម្រូវឱ្យមានការឆ្លងកាត់ការវាយតម្លៃរបស់លេខាធិការដ្ឋានអាស៊ាន និងការព្រមព្រៀងជាឯកច្ឆន្ទក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំងអស់។

ក្រសួងការបរទេសក៏បានឱ្យដឹងទៀតថា ក្រៅពីមានជំនួបពិភាក្សាទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍នានា អំពីដំណើរការបង្រួបបង្រួមជាតិ ការកសាងសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងប្រទេសរៀងៗខ្លួន ដោយចែករំលែកការយល់ដឹងរួមអំពីសារសំខាន់នៃសន្តិភាព និងស្ថិរភាព ដែលជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានកត់សម្គាល់ដោយក្តីរីករាយចំពោះភាពស្រដៀងគ្នារវាងប្រទេសទាំងពីរលើទិដ្ឋភាពមួយចំនួន ដែលជាមូលដ្ឋានសម្រាប់កសាង និងពង្រីកទំនាក់ទំនងល្អដែលមានស្រាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង