Yearendyearend1140x150

MoU«នាំផ្លែស្វាយកម្ពុជាទៅចិន»នឹងចុះនៅថ្ងៃស្អែក ខណៈកម្ពុជាមានស្វាយគ្រប់គ្រាន់ដើម្បីនាំចេញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ផលិតផលកសិកម្ម ផ្លែស្វាយរបស់កម្ពុជា។

ភ្នំពេញ៖ ក្រសួងកសិកម្ម នឹងចុះMoUជាមួយតំណាងពីស្ថានទូតចិនស្តីពីការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន។ ពិធីសារការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិននឹងរៀបចំឡើងនាថ្ងៃទី៩ ខែមិថុនាស្អែកនេះ ដោយមានការចូលរួមពីស្ថានទូតចិនប្រចាំនៅកម្ពុជា និង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

លោក ចាន់ ហេង នាយករងខុទ្ទកាល័យនៃក្រសួងកសិកម្មថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ក្នុងនាមលោកជាមន្រ្តីនាំពាក្យនៃក្រសួងកសិកម្ម លោកយល់ឃើញថា ការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន គឺជាការពង្រីកទីផ្សារការនាំផលិតផលកសិកម្មរបស់កម្ពុជាឲ្យមានការរីកចម្រើន ដែលបច្ចុប្បន្នកម្ពុជាកំពុងមានការរីកចម្រើនក្នុងការដាំដុះស្វាយនៅគ្រប់ខេត្តក្រុង ជម្រុញឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតនិងការនាំចេញទៅក្រៅប្រទេស។

បើតាមលោក ចាន់ ហេង តម្លៃទីផ្សារការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន គឺទទួលបានតម្លៃល្អសមរម្យ ដែលអាចឈានឲ្យប្រជាកសិករទាំងអស់ ជាពិសេសបណ្តុំកសិករដែលជាសហគមន៍ធំៗ អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាំដុះនិងផលិតផ្លែស្វាយដែលមានគុណភាពខ្ពស់ទៅកាន់ទីផ្សារប្រទេសចិនបាន។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹម៤ខែដើមឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេសដូចជា ផ្លែចេក ផ្លែស្វាយ ដំណាប់ស្វាយ និងក្រូចថ្លុង ក្រៅពីអង្ករ កៅស៊ូ ដំឡូងមី និងស្វាយចន្ទី។ ក្នុងនោះដែរ កម្ពុជាបាននាំចេញផ្លែស្វាយប្រមាណជាង៤ម៉ឺនតោនទៅកាន់ប្រទេសថៃ វៀតណាម បារាំង រុស្សី កូរ៉េខាងត្បូង និងចិនហុងកុង។ រីឯផ្លែចេកស្រស់កម្ពុជាបាននាំចេញប្រមាណជាង៩ម៉ឺនតោនទៅកាន់ប្រទេសចិន វៀតណាម និងជប៉ុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង