Yearendyearend1140x150

កម្ពុជា-ចិន រៀបចំកិច្ចប្រជុំដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះរៀបចំឡើង នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តផែនការសម្រាប់រយៈពេល ២ឆ្នាំបន្តទៀត (ឆ្នាំ២០២២-២០២៤)។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងក្នុងកិច្ចប្រជុំថា កម្ពុជានឹងបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយចិនតែមួយ។ កម្ពុជាសូមប្រកាសគាំទ្រ និងជូនពរភាគីចិនរៀបចំសមាជជាតិចិនលើកទី២០ នៃគណបក្សកុម្មុយនីស្តចិន ប្រកបដោយជោគជ័យ និងសូមប្រកាសគាំទ្រប្រទេសចិន សាជាថ្មីម្តងទៀត លើគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងពីសមិទ្ធផល ក្នុងឆ្នាំ២០២០-២០២២ រួមមាន៖

១៖ វិស័យនយោបាយ

* ជំនួបពិភាក្សាការងារតាមប្រព័ន្ធទូរសព្ទរវាង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រធានាធិបតី ស៉ី ជីនពីង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ និងជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជំនួបពិភាក្សាខាងលើបានជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន កាន់តែស៉ីជម្រៅ។

២៖ វិស័យសេដ្ឋកិច្ច-បច្ចេកទេស

* លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ (China ODA) រយៈពេល ២ឆ្នាំ (2020-2022) ក្របខ័ណ្ឌឥណទានសម្បទាន សម្រេចបានការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឥណទានសម្បទាន ប្រមាណជាង ៤៣២លានដុល្លារ សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន៤ ក្នុងវិស័យអគ្គីសនី ផ្លូវថ្នល់ និង ប្រព័ន្ធធារាសាស្រ្ត

* ក្នុងឆ្នាំ២០២២ កិច្ចព្រមព្រៀងឥណទាន ដែលភាគីទាំងពីរបានចុះហត្ថលេខាថ្មីៗនេះ សម្រាប់គម្រោងបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ក្រុងព្រះសីហនុ-ក្រុងហុងកុង យើងសម្រេចបានចំនួន ៤គម្រោង ទឹកប្រាក់ចំនួន ៣៤៤លានដុល្លារ ក្នុងវិស័យផ្លូវថ្នល់ និងខ្សែកាប្លិ៍អុបទិក

* ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ភាគីមិត្តចិនបានផ្តល់ចំនួន ២,៧០០លានយ័ន។

៣៖ វិស័យសុខាភិបាល

* លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចនូវសមិទ្ធិផលធំៗ ដែលសម្រេចបានក្នុងអំឡុងពេលគ្រោះកូវីដកន្លងមកនេះជាអាទិ៍៖

ក៖ ពហុកីឡដ្ឋានមរតកតេជោដ៏ធំនិងល្អប្រណីត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈដ៏ទំនើប

ខ៖ ព្រមទាំងគម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនទី១ នៅកម្ពុជា ដែលត្រៀមនឹងដាក់ឱ្យប្រើប្រាស់នៅខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

៤៖ ក្នុងវិស័យកសិកម្ម

* លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ភាគីមិត្តចិន ដែលបានចុះហត្ថលេខាលើពិធីសារស្តីពី លក្ខខណ្ឌតម្រូវការ ភូតគាមអនាម័យ សម្រាប់ការនំាចេញផ្លែមៀនស្រស់ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២

* យោងតាមទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់ចិនការនាំចេញ កសិផលសំខាន់ៗទៅកាន់ប្រទេសចិន នៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២២នេះ មានដូចជា អង្ករ មានចំនួន 88,646តោន, ផ្លែចេកស្រស់ មានចំនួន 98,530.26តោន, ផ្លែស្វាយស្រស់ មានចំនួន 22,244.68តោន និងគ្រាប់ស្វាយចន្ទី មានចំនួន 136.96តោន។

ក្នុងឆ្នាំ២០២២-២០២៤ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកស្នើទៅភាគីមិត្តចិន ដូចតទៅ៖

១៖ វិស័យសុខាភិបាល

* គម្រោងផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យ សម្រាប់មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ

* គម្រោងប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក

* គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ។

២៖ អំពីពាណិជ្ជកម្ម និងវិនិយោគ

* ស្នើជំរុញឱ្យវិនិយោគិនចិនមកវិនិយោគនៅកម្ពុជា ក្នុងវិស័យអាទិភាពក្នុងវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម កៅស៊ូ សម្រាប់នាំទៅប្រទេសចិន

* ជំរុញរដ្ឋបាលគយចិន និងក្រសួងពាក់ព័ន្ធទាំងពីរ រៀបចំពិធីសារអនាម័យនិង ភូតគាមអនាម័យលើផលិតផលកសិកម្ម មួយចំនួនជាកញ្ចប់តែម្តងជាជាងធ្វើពិធីសារសម្រាប់តែ ផលិតផលមួយមុខៗម្តង

* ស្នើរដ្ឋបាលគយចិន ពន្លឿននីតិវិធីចុះហត្ថលេខាលើពិធីសារអនាម័យ និង ភូតគាមអនាម័យលើផលិត ផលផ្លែមៀន, គ្រាប់ស្វាយចន្ទី និងសំបុកត្រចៀកកាំ ជាដើម

* ស្នើភាគីចិនបន្តនាំចូលអង្ករពីកម្ពុជា ដែលមានកូតា ៤០ម៉ឺនតោន ដោយរួចពន្ធតាមការសម្រេចរបស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន

* ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបានគោលដៅ ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។

៣៖ ក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង

* សម្រេចលើបញ្ជីគម្រោងជាអាទិភាព សម្រាប់ការអភិវឌ្ឍផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ ដូចជា៖

ក៖ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ ផ្លូវជាតិលេខ៧

ខ៖ ស្នើភាគីមិត្តជំរុញការសិក្សាសមិទ្ធិលទ្ធភាព និងដើម្បីបន្តនីតិវិធីជាបន្តទៀត សម្រាប់គម្រោងសាងសង់ ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងព្រះសីហនុ

គ៖ គម្រោងកាត់បន្ថយភាពក្រីក្រ កម្ពុជា-ចិន ជំហានទី២

ឃ៖ គម្រោងកែលម្អផ្លូវជនបទ និងផ្គត់ផ្គង់ទឹក ជំហានទី៣

ង៖ ស្នើបន្តគាំទ្រសកម្មភាពលុបបំបាត់ គ្រាប់មីននៅកម្ពុជា។

៤៖ ក្របខណ្ឌឥណទានសម្បទាន

* សម្រេចលើបញ្ជីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងទៀត ដែលជាអាទិភាព ចំនួន៨ គឺ៖

ក៖ គម្រោងជំរុញគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ

ខ៖ គម្រោងសាងសង់ស្ពានមេគង្គក្រចេះ និង ផ្លូវតភ្ជាប់ខេត្តក្រចេះ

គ៖ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧

ឃ៖ គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ

ង៖ គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ

ច៖ គម្រោងសាងសង់ស្ពានទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា

ឆ៖ គម្រោងលើកកម្រិតកំណត់ផ្លូវជាតិលេខ៣ (PK181+100-វាលរេញ)

ជ៖ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ នៅក្រុងសៀមរាប។

៥៖ វិស័យកសិកម្ម

* ស្នើសុំភាគីចិនជួយជំរុញ និងពន្លឿនកិច្ចសហប្រតិបត្តិការលើកៅស៊ូធម្មជាតិ តាមរយៈការផ្តល់ជំនួយ បច្ចេកទេស និង ពិនិត្យលទ្ធភាពក្នុងការនាំចេញទំនិញកៅស៊ូទៅកាន់ប្រទេសចិន

* ស្នើភាគីចិនពិនិត្យលទ្ធភាពនាំចូលម្រេច និងផ្លែទុរេនកម្ពុជា។

៦៖ ចំពោះវិស័យវប្បធម៌ ទេសចរណ៍ និងអប់រំ

* ស្នើភាគីចិនបន្តនូវគម្រោងជួសជុល ប្រាសាទភិមានអាកាស និងព្រះរាជវាំង អង្គរធំ ឆ្នាំ២០១៩-២០២៩ ស្តារគោបុរៈទី១, ២ និង ទី៣ នៃប្រាសាទព្រះវិហារ ព្រមទំាងផ្តល់ការបណ្តុះបណ្តាលមន្ត្រី-បុគ្គលិក ក្នុង វិស័យខាងលើនេះ

* ស្នើភាគីចិនពិភាក្សាឡើងវិញអំពីគម្រោង one-way and close-loop charted planes for tourists ដើម្បីសម្រួលការធ្វើដំណើររបស់ទេសចរនៃប្រទេសទាំងពីរ និងស្នើឱ្យមានទេសចរចិនមកទស្សនាកម្ពុជាឱ្យបានច្រើនថែមទៀត

* ស្នើរដ្ឋាភិបាលចិនពិនិត្យលទ្ធភាពដំណោះស្រាយ ដើម្បីឱ្យនិស្សិតនៃប្រទេសទាំងពីរ បានចេញទៅសិក្សា នៅតាមគ្រឹះស្ថានសិក្សានានាក្នុងប្រទេសកម្ពុជា និងចិន ឱ្យបានឆាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង