Yearendyearend1140x150
Img 0571

ទេសចរអន្តរជាតិចំនួន១១៧លាននាក់បានធ្វើដំណើរជុំវិញពិភពលោកសម្រាប់ឆមាសទី១ ឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍

ភ្នំពេញ៖ បើតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិជាង ១១៧លាននាក់ បានធ្វើដំណើរជុំវិញពិភពលោក កើនឡើង ១៨២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ តួលេខនេះបានបង្ហាញពីសញ្ញាល្អប្រសើរ សម្រាប់ឆ្នាំ២០២២ ខណៈកម្ពុជាក៏រំពឹងទទួលបានកំណើនល្អប្រសើរ ពីការងើបឡើងវិញនៃចលនាទេសចរពិភពលោកនេះផងដែរ។

របាយការណ៍នេះ ត្រូវបានលើកឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ ដែលបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានលើកឡើងថាយោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិជាង១១៧លាននាក់បានធ្វើដំណើរជុំវិញពិភពលោក កើនឡើង ១៨២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១»។ ឯកឧត្តមបានរំលឹកដែរថា នៅឆ្នាំ២០២១ ពិភពលោកទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤១៥លាននាក់ កើនឡើងត្រឹមតែ៣.៨%ប៉ុណ្ណោះ ប្រសិនបើធៀបនឹងឆ្នាំ២០២០។

ឯកឧត្តមបានបន្តទៀតថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២២ដូចគ្នានេះ នៅទ្វីបអឺរ៉ុប ទ្វីបអាមេរិក និងមជ្ឈិមបូព៌ាទទួលបានបង្ហាញសញ្ញាល្អជាងគេជាមួយនឹងអត្រាកំណើន២៨០% (ទ្វីបអឺរ៉ុប) ១១៧% (ទ្វីបអាមេរិក) និង ១៣២% (មជ្ឈិមបូព៌ា) ខណៈដែលតំបន់អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិកនៅមានអត្រាកំណើនតិចនៅឡើយក្នុងរង្វង់ ៩៦% (ទ្វីបអាហ្វ្រិក) និង ៦៤% (អាស៊ីប៉ាស៊ីហ្វិក)។

ឯកឧត្តមបានបន្ថែមថា ចំពោះនៅតំបន់អាស៊ាន ក្នុងឆ្នាំ២០២១ ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ៣.៣លាននាក់ ថយចុះ ៨៧% ធៀបនឹងឆ្នាំ២០២០។ នៅដើមឆ្នាំ២០២២ ប្រទេសក្នុងតំបន់អាស៊ានបានបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញជាបណ្ដើរៗ ក្នុងនោះកម្ពុជាជាប្រទេសដំបូងគេដែលបានបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ បន្តមកដោយប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី និងឡាវ។

ទោះជាយ៉ាងនេះក្ដី អង្គការទេសចរណ៍ពិភពលោកបានវាយតម្លៃថាចំនួនទេសចរពិភពលោកក្នុងឆ្នាំ២០២២នេះ រំពឹងថានឹងអាចស្មើនឹង ៥០% ទៅ ៧០% នៃចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០១៩ ដោយភាពល្អប្រសើរនៅតែមាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង