Yearendyearend1140x150

ឯកឧត្តម ប្រាក់ សុខុន ស្នើឲ្យអាម៉េរិកបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធGSPដល់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំុពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានស្នើឱ្យអាម៉េរិកបន្តផ្តល់ឡើងវិញ ដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាម៉េរិកឡើងវិញ។​ សំណើនេះធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ជាមួយ ឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក ដែលបានមកទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី១២-១៣កក្កដានេះ។

ក្នុងជំនួបនោះ ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម Daniel Kritenbrink បានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ ដែលក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីពេញចិត្តចំពោះកំណើនជាលំដាប់នៅក្នុងវិស័យ ពាណិជ្ជកម្មទ្វេភាគី និងបានរម្លឹកឡើងវិញជាថ្មីអំពីការអំពាវនាវរបស់ ឯកឧត្តម ឱ្យបន្តផ្តល់ឡើងវិញ ដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាម៉េរិក ដើម្បីជាប្រយោជន៍នៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការខកចិត្តដែលកម្ពុជាត្រូវបានគេចាត់ទុកយ៉ាងអយុត្តិធម៌ថាជា “ប្រទេស ដែលមិនផ្ដល់កិច្ចសហប្រតិបត្តិការ» ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការធ្វើមាតុភូមិនិវត្តន៍ ដែលនាំទៅដល់ការដាក់ការរឹតត្បិតទិដ្ឋាការចំពោះមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមរម្លឹកថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាម៉េរិក ដែលហៅកាត់ជាភាសាអង់គ្លេសថា GSP (Generalized System of Preferences)នៅកម្ពុជាបានផុតសុពលភាពនៅត្រឹមដំណាច់ឆ្នាំ២០២០។ ការហួសសុពលភាពនេះបានប៉ះពាល់ទៅលើអ្នកបញ្ជាទិញដែលតម្រូវឲ្យបង់ពន្ធនាំចូលទៅកាន់សហរដ្ឋអាម៉េរិក។ គិតមកទល់ពេលនេះ សភាពាណិជ្ជកម្មអាម៉េរិកនៅមិនទាន់ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) នៅឡើយទេ។

រាជរដ្ឋាភិបាលកម្ពុជា បានស្នើទៅកាន់រដ្ឋបាលលោក ចូ បៃឌិន ឱ្យពិនិត្យលើលិខិតស្នើសុំបន្ត GSP ពីកម្ពុជា ជាបន្តបន្ទាប់ ដោយផ្អែកទៅលើលក្ខខណ្ឌចាំបាច់ចំនួន ដោយក្នុងនោះ ក៏មានបញ្ជូននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី(FTA)រវាងកម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង