Yearendyearend1140x150

ប្រាក់អឺរ៉ូធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២០ ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ប្រាក់អឺរ៉ូធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២០ ឆ្នាំ ប្រភពរូប៖ Euronews

អឺរ៉ុប៖ ទិន្នន័យពីផ្សារហ៊ុន Frankfurt របស់ប្រទេសអាឡឺម៉ង់បានបង្ហាញថា ប្រាក់អឺរ៉ូបានធ្លាក់ចុះមកនៅត្រឹម ១.០០៣៤ ដុល្លារអាមេរិកកាលពីថ្ងៃចន្ទ ជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំដែលអត្រាប្តូរប្រាក់រវាងរូបិយប័ណ្ណទាំងពីរមានតិចជាងមួយសេនឆ្ងាយពីភាពស្មើគ្នា។

ប្រាក់អឺរ៉ូបានធ្លាក់ចុះប្រហែល ១២ ភាគរយចាប់តាំងពីដើមឆ្នាំមក។ ការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលអាម៉េរិក រួមជាមួយនឹងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច។ នេះបើតាមរបាយការណ៍របស់ CNN ដែលដកស្រង់សម្តីអ្នកវិភាគ។

គណៈកម្មការអឺរ៉ុប បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងកាត់បន្ថយការព្យាករណ៍កំណើនប្រចាំឆ្នាំរបស់ខ្លួនម្តងទៀតសម្រាប់ឆ្នាំនេះ ដោយសារបញ្ហាប្រឈមជាច្រើនរួមទាំងទស្សនវិស័យអតិផរណាខ្ពស់ផងដែរ។ វាជាលើកទីពីរហើយនៅឆ្នាំនេះ ដែលសាខាប្រតិបត្តិរបស់សហភាពអឺរ៉ុបបានកែសម្រួលការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួន ដោយលើកឡើងពីតម្លៃថាមពលកើនឡើង និងអតិផរណាកាន់តែយ៉ាប់យ៉ឺន។

គណៈកម្មាការកាលពីខែឧសភាបានកាត់បន្ថយការរំពឹងទុកកំណើនសម្រាប់ទាំងសហភាពអឺរ៉ុប និងតំបន់ចាយប្រាក់អឺរ៉ូមកត្រឹម ២.៧ ភាគរយនៅឆ្នាំនេះ ពីការព្យាករណ៍នៅខែកុម្ភៈ ៤ ភាគរយ និងមកត្រឹម ២.៣ ភាគរយនៅឆ្នាំក្រោយធៀបនឹងការព្យាករណ៍ពីមុន ២.៨ ភាគរយ។

ការអាប់ដេតកាលពីថ្ងៃចន្ទ បានកើតឡើងនៅពេលដែលអតិផរណារបស់ប្លុក បានកើនឡើងដល់កម្រិតខ្ពស់រយៈពេល ២៥ ឆ្នាំគឺ ៨.៦ ភាគរយនៅក្នុងខែមិថុនា។

គោលនយោបាយសារពើពន្ធក្នុងប្រទេសទាំងអស់ គួរតែសំដៅរក្សានិរន្តរភាពបំណុល ក៏ដូចជាការបង្កើនសក្តានុពលកំណើនប្រកបដោយនិរន្តរភាព ដើម្បីបង្កើនការងើបឡើងវិញ ដូច្នេះក៏ជួយសម្រួលដល់ការងារគោលនយោបាយរូបិយវត្ថុ ដើម្បីធានាស្ថិរភាពតម្លៃ ដោយមិនបន្ថែមសម្ពាធអតិផរណា រដ្ឋមន្ត្រីតំបន់ចាយប្រាក់អឺរ៉ូចំនួន 19 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីពួកគេបានពិភាក្សាអំពីទិសដៅគោលនយោបាយសារពើពន្ធសម្រាប់ឆ្នាំ ២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង