Yearendyearend1140x150

លោក តឹង ម៉េងទី ប្រាប់ពីការទៅសិក្សានៅប្រទេសថៃ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក តឹង ម៉េងទី ក្នុងកម្មវិធីទទួលបានពានរង្វាន់សិស្សិតឆ្នើមផ្នែកវិស្វកម្ម ក្នុងខែកុម្ភៈ ឆ្នាំ២០២២

ថៃ៖ លោក តឹង ម៉េងទី ជាអតីតសិស្សនៃវិទ្យាល័យបាក់ទូក ដែលបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៧ និងបានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញវិស្វកម្មសំណង់ស៊ីវិល នៅឯប្រទេសថៃផងដែរ។ ការសិក្សានៅប្រទេសថៃ បានធ្វើឱ្យលោកក្លាយជាមនុស្សដែលងាយចុះសម្រុងជាមួយអ្នកដ៏ទៃ។ លោក ម៉េងទី ក៏នឹងបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មសំណង់ស៊ីវិល នៅប្រទេសថៃ នាខែក្រោយនេះផងដែរ។

តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោក ម៉េងទី បានឱ្យដឹងថា លោកបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ពីវិទ្យាល័យបាក់ទូក ក្នុងឆ្នាំ២០១៧។ បន្ទាប់លោក បានប្រឡងចូលសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានតែមួយឆមាសប៉ុណ្ណោះ លោកក៏បានប្រឡងអាហារូបករណ៍មកសិក្សានៅប្រទេសថៃ។

លោក ម៉េងទី បានឱ្យដឹងទៀតថា លោកបានមកបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យប៊ូរផា នៅប្រទេសថៃ តាមរយៈអាហារូបករណ៍ព្រះរាជទានរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនេះ នៅក្នុងឆ្នាំ២០២២។

លោក ម៉េងទី បានឱ្យបន្ដថា ការសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិលនេះ លោកអាចប្រើប្រាស់ចំណេះដឹង របស់លោក ក្នុងការរចនា ការសាងសង់ និង ថែទាំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនោះ ។ វិស័យនេះ មានសារៈសំខាន់ណាស់នៅក្នុងសង្គមរបស់យើង ជាពិសេសគឺអនាគតប្រកបដោយនិរន្ដរភាព ដោយសារជំនាញនេះ មានទាំងការរចនា សាងសង់ និង ថែទាំទំនប់វារីអគ្គិសនី ផ្លូវក្រោមដី អគារ ស្ពាន និង ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានផ្សេងៗទៀត។

លោក ម៉េងទី បានឱ្យបន្ដទៀតថា ការដែលលោកសម្រេចចិត្តមកសិក្សានៅប្រទេសថៃ ព្រោះ លោកចង់ទទួលបាននូវបទពិសោធន៍កាន់តែច្រើនទាំងការរស់នៅ និងការសិក្សាក្នុងបរិបទខុសៗគ្នា។ ការជួបមនុស្សថ្មី ក៏ដូចជាការទទួលបានចំណេះដឹងបន្ថែមទៀតពីសាស្ត្រាចារ្យបរទេស។

បញ្ហាដែលលោកបានជួបប្រទះ នៅក្នុងការរស់នៅ និងសិក្សានៅទីនោះ ក៏មិនខុសពីនិស្សិតដ៏ទៃទៀតឡើយ។ បញ្ហាភាសា និងម្ហូបអាហារ ជាអ្វីដែលនិស្សិតបន្ដការសិក្សានៅបរទេស តែងតែងជួបប្រទះ។ លោក ម៉េងទី បានទទួលការជួយពីមិត្តភក្ដិដែលជាជនជាតិថៃ ទើបធ្វើឱ្យការប្រើប្រាស់ភាសាថៃរបស់លោកមានភាពល្អប្រសើរជាមុន។

គួរបញ្ជាក់ថា លោក ម៉េងទី ក៏ជានិស្សិតឆ្នើមមួយរូប នៅក្នុងមហាវិទ្យាល័យវិស្វកម្ម នៃសាកលវិទ្យាល័យប៊ូរផាផងដែរ។ លោក ម៉េងទី ក៏ទទួលបានពានរង្វាន់សិស្សិតឆ្នើមផ្នែកវិស្វកម្ម នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ក្រោយបញ្វប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវិស្វកម្មសំណង់ស៊ីវិល ក្នុងឆ្នាំ២០២២ នេះ លោកក៏នឹងបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យធម្មសាស្រ្ដ (Thammasat University) ខែក្រោយនេះ៕

លោក តឹង ម៉េងទី ក្នុងកម្មវិធីទទួលបានពានរង្វាន់សិស្សិតឆ្នើមផ្នែកវិស្វកម្ម ក្នុងខែកុម្ភៈ ឆ្នាំ២០២២


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង