Yearendyearend1140x150

ឯកឧត្តម កែវ រតនៈ៖កម្ពុជាគ្មានគម្រោងដំឡើងថ្លៃអគ្គិសនី ទោះបីខាតបង់ច្រើន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា គ្មានគម្រោងដំឡើងថ្លៃអគ្គិសនី ទោះបីជាត្រូវខាតបង់ច្រើន ដោយកម្ពុជាត្រូវត្រៀមខាតបង់ ១០០លានដុល្លារសម្រាប់សេវាអគ្គិសនីនៅឆ្នាំ២០២២។ ការខាតបង់នេះ គឺដោយសារការកើនឡើងខ្ពស់នៃថ្លៃដើមផលិតអគ្គិសនី ហើយភាគច្រើនអគ្គិសនីផលិតចេញពីធ្យូងថ្មដែលមានការកើនឡើងតម្លៃប្រមាណ៦ដង។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា។

ឯកឧត្តម កែវ រតនៈ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា រដ្ឋាភិបាលកម្ពុជា គ្មានគម្រោងដំឡើងថ្លៃអគ្គសនីទេ ដូច្នេះការលើកឡើងរបស់សម្តេច នាយករដ្ឋមន្រ្តី បានប្រកាសពីការត្រៀមខាតបង់ ១០០លានដុល្លារសម្រាប់សេវាអគ្គិសនីនៅឆ្នាំ២០២២ គឺដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋបានឃើញថា រាជរដ្ឋាភិបាលបាន និងកំពុងជួយប្រជាពលរដ្ឋ ជួយវិស័យឧស្សាហកម្ម-ពាណិជ្ជកម្ម ដើម្បីកុំឲ្យឡើងថ្លៃអគ្គិសនីដូចប្រទេសដទៃ។ នេះជាទម្ងន់មួយដែលរដ្ឋាភិបាលកំពុងតែធ្វើ និងកំពុងតែជួយ។ បន្ថែមនេះ សម្តេចនាយករដ្ឋមន្ត្រីលើកឡើងនូវបញ្ហានេះ គឺចង់អំពាវនាវឲ្យពលរដ្ឋ ជាពិសេសស្ថាប័នរដ្ឋាភិបាល ក្រសួងមន្ទីរផ្សេងៗ ខេត្ត-ក្រុង ឲ្យជួយសន្សំសំចៃអគ្គិសនីតាមលទ្ធភាពដែលអាចធ្វើបាន។

ឯកឧត្តម កែវ រតនៈ បានពន្យល់ថាពីមូលហេតុនៃការកើនឡើងថ្លៃដើមផលិតអគ្គិសនី គឺតម្លៃធ្យូងថ្ម មានការកើនឡើងថ្លៃខ្ពស់ បើប្រៀបធៀបនឹងតម្លៃធ្យូងថ្មពីមុនឡើងថ្លៃដល់ទៅ៦ដង។ ដូច្នេះការផលិតអគ្គិសនីចេញពីការកើនថ្លៃធ្យូងថ្មប្រមាណ៦ដងនេះ វាធ្វើឲ្យថ្លៃដើមនៃការផលិតអគ្គិសនីមានការកើនឡើងខ្ពស់។ ការផលិតអគ្គិសនីប្រើដោយធ្យូងថ្មនេះ ច្រើនជាងការផលិតអគ្គិសនីប្រើដោយប្រេង ជាមួយផ្នែកនៃការប៉ះពាល់ដល់ថ្លៃដើម។ កត្តាមួយទៀតដែលប៉ះពាល់ដល់ថ្លៃដើម គឺការទិញភ្លើងបន្ថែម ពីប្រទេសថៃ វៀតណាម ដើម្បីបន្ថែមលើការផ្គត់ផ្គង់ក្នុងប្រទេស។ នៅពេល ធ្យូងថ្ម ឧស្ម័ន ប្រេង ឡើងថ្លៃ ដូច្នេះការផលិតអគ្គិសនីនៅ ថៃ វៀតណាម ក៏មានការកើនឡើងដែរ ធ្វើឲ្យថ្លៃនោះមានការកើនឡើងនៅកម្ពុជាដូចគ្នា។

បើតាម ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា បញ្ហាប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងខ្មៅដែលគេប្រើក្នុងការផលិតអគ្គិសនិមួយចំនួន វាជាការពឹងផ្អែកតូចតាចទេ ចំពោះវិស័យផលិតអគ្គិសនី ដោយសារការពឹងផ្អែកទៅលើប្រេងមានមិនដល់៥%ទេ។ ដូច្នេះការឡើងថ្លៃប្រេងនេះ វាមួយជ្រុងតូចទេ ប៉ុន្តែអ្វីដែលមានការប៉ះពាល់ខ្លាំងគឺចេញមកពីឥន្ធនៈមួយប្រភេទទៀត គឺធ្យូងថ្ម ដែលការផលិតធ្យូងថ្មខ្លះនៅក្រុងព្រះសីហនុ ដែលមានរោងចក្រចំនួន២ ដើម្បីផលិតអគ្គសនីយកមកចែកចាយនៅទូទាំងប្រទេស ផ្គុំគ្នាជាមួយនឹងប្រភពវារីអគ្គសនី និងប្រភពសឡា ជាដើម។

សូមជម្រាបថា រាជរដ្ឋាភិបាល និងអគ្គិសនីកម្ពុជាមិនមានការឡើងថ្លៃអគ្គិសនីក្នុងពេលបច្ចុប្បន្ននេះ ទោះមុននិងកំឡុងពេលវិបត្តិកូវីដ-១៩ និងបញ្ហាសង្រ្គាមរវាង រុស្ស៊ី-អ៊ុយក្រែន។ ការមិនឡើងថ្លៃអគ្គិសនីនេះ ក្នុងន័យសម្រាលដល់ប្រជាពលរដ្ឋ និងជួយដល់ការសម្រាលឧស្សាហកម្ម-ពាណិជ្ជកម្ម ធ្វើឲ្យតម្លៃអគ្គិសនីនៅដដែល។ នេះជាវិបត្តិហិរញ្ញវត្ថុមួយ ដែលអគ្គិសនីកម្ពុជាមានការខាតបង់ហិរញ្ញវត្ថុ ដោយសារតែថ្លៃដើមផលិតខ្ពស់ជាងមុន ប៉ុន្តែថ្លៃអគ្គិសនីនៅរក្សាដដែល ខណៈប្រទេសនៅពិភពលោកដូចជានៅអឺរ៉ុប និង អាស៊ី មានការឡើងថ្លៃអគ្គិសនី។ នេះជាការលើកឡើងរបស់ឯកឧត្តម កែវ រតនៈ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង