Yearendyearend1140x150

អតីតនាយករដ្ឋមន្រ្តីជប៉ុនអាបេ រងការបាញ់ប្រហារពីខ្មាន់កាំភ្លើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

តូក្យូ៖ យោងតាមសារព័ត៌មានជប៉ុន នៅថ្ងៃទី៨ ខែកក្កដា បានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានបាញ់សម្លាប់នៅពេលថ្លែងសុន្ទរកថានៅក្រុង Nara កាលពីព្រឹកមិញ។ ទោះបីជាបេះដូងរបស់លោកឈប់ដំណើរការ តែមន្ទីរពេទ្យមិនទាន់បញ្ជាក់ពីការស្លាប់របស់លោកនៅឡើយទេ។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងប្រហែល ១១ និង ៣០ នាទីព្រឹក នៅពេលដែលលោក Abe ថ្លែងសុន្ទរកថាជំនួយការបោះឆ្នោតនៅតាមផ្លូវក្បែរស្ថានីយ៍រថភ្លើងក្រោមដីក្នុងទីក្រុង Nara ដើម្បីសុំការបោះឆ្នោតសម្រាប់បេក្ខជនគណបក្សសេរីប្រជាធិបតេយ្យសម្រាប់ព្រឹទ្ធសភា។ ដោយនៅពេលនោះមានមនុស្សប្រមាណ ៣០ នាក់នៅកន្លែងកើតហេតុ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍ថា បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានបាញ់លោក Abe ពីខាងក្រោយ ហើយដួលទៅលើដី។ បច្ចុប្បន្ន លោក Abe កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយបេះដូចឈប់ដំណើរការ។

នៅពេលដែលលោក Abe ត្រូវបានវាយប្រហារ អ្នកយកព័ត៌មានក្យូដូ ដែលកំពុងសម្ភាសន៍នៅកន្លែងកើតហេតុបានឮសំឡេងបាញ់កាំភ្លើងចំនួនពីរ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា ជនសង្ស័យបានបាញ់ពីទីតាំងប្រហែលបីម៉ែត្រពីក្រោយលោក Abe ។ ខ្សែវីដេអូដែលចាក់ផ្សាយតាមទូរទស្សន៍ជប៉ុនក្នុងស្រុកបានបង្ហាញថា លោក Abe ពាក់អាវសមានឈាមនៅទ្រូងឆ្វេង។

នាយកដ្ឋានទីក្រុង Nara បាននិយាយថា លោក Abe បានបាត់បង់ស្មារតី មិនដកដង្ហើម និងចង្វាក់បេះដូងឈប់ដំណើរការ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយឧទ្ធម្ភាគចក្រដើម្បីធ្វើការព្យាបាលបន្ទាន់។ ទោះបីជាបេះដូងរបស់លោកឈប់ដំណើរការ តែមន្ទីរពេទ្យមិនទាន់បញ្ជាក់ពីការស្លាប់របស់លោកនៅឡើយទេ។

សូមបញ្ជាក់ថា បុរសជាជនសង្ស័យ ដែលបានបាញ់សម្លាប់លោក Abe ត្រូវបានចាប់ខ្លួន៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង