Cct850x100 1

គណបក្សប្រជាជនកម្ពុជាក្រុងពាលីលើកស្លាកសញ្ញាបក្សនៅទីស្នាក់ការកណ្តាលថ្មីដ៏ស្កឹមស្កៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែមិថុនានេះ បានរៀបចំពិធីក្រុងពាលីលើកស្លាកសញ្ញាបក្សទីស្នាក់ការកណ្តាលគណបក្សប្រជាជនថ្មី ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ សម្តេចក៏បានអញ្ជើញពិនិត្យអគារថ្មីនៃទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ដែលស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម​ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់នឹងអគារវិមានព្រឹទ្ធសភាផងដែរ។

អគារថ្មីនៃទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទីដែលមានទំហំប្រមាណ ១.៦ហិកតា និងមានកម្ពស់ចំនួន៥ជាន់ ទំហំសំណង់អាគារជាង៥០,០០០ម៉ែត្រក្រឡា។ អគារទីស្នាក់កណ្តាលនេះ ត្រូវបានសាងសង់ឡើងជាមួយនឹងក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានភាពល្អប្រណិត។ បើមើលពីសណ្ឋានខាងក្រៅអគារទាំងមូលត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះសបរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។

គិតមកត្រឹមពេលនេះ អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា សាងសង់ជិតរួចរាល់ទាំងស្រុងហើយប្រមាណ៩៥%។ វត្តមានដ៏ឧត្តុងឧត្តម និងស្រស់ស្អាតនៃអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានរំលេចរូបរៀងឡើងក្នុងគម្រប់ខួប៦៩ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។

គួររម្លឹកផងដែរថា គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ហើយបានក្លាយទៅជាគណបក្សនយោបាយមួយ ដែលបានបំពេញបេសកកម្មយ៉ាងសកម្មជាទីបំផុត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ជាតិកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង