Yearendyearend1140x150

រដ្ឋសភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំង«ការលាងលុយកខ្វក់»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សមាជិករដ្ឋសភាកម្ពុជា ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦

ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឬការលាងលុយកខ្វក់ ត្រូវបានអនុម័តដោយរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ មិថុនានេះ ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦។

យោងតាមសេចក្តីថ្លែងហេតុ បានបញ្ជាក់ថា កម្ពុជាបានធ្វើសេចក្តីព្រាងក្របខណ្ឌគតិយុត្តទាក់ទងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មក្នុងឆ្នាំ២០០៧។ តែក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្ដីពីការសម្អាតប្រាក់ ដែលហៅកាត់ថា APG បានចុះមកវាយតម្លៃថានៅមានចំណុចខ្វះខាត ទើបនៅឆ្នាំ២០១១ ក្រុមការងារហិរញ្ញវត្ថុ FATF បានបញ្ចូលកម្ពុជាទៅក្នុងបញ្ជីប្រផេះជាលើកទី១។ ពេលនោះគេបានតម្រូវឲ្យកម្ពុជាធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនេះ។ ហើយកម្ពុជាបានបំពេញបន្ថែមជាច្រើនទៀត ដើម្បីចែងពីការបង្កក ការឃាត់ទុក និងការរឹបអូស។

ច្បាប់ស្ដីពីវិសោធនកម្មនេះ ត្រូវបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣ ។ បន្ទាប់ពីបានអនុម័តច្បាប់នេះ និងបំពេញការងារមួយចំនួនទៀត FATF ក៏បានដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះនៅក្នុងខែកុម្ភៈឆ្នាំ២០១៥។ប៉ុន្តែដោយសារ FATF ប្ដូរស្ទង់ដាររបស់ខ្លួននៅឆ្នាំ២០១២ ហើយការវាយតម្លៃលើកនេះ គឺប្រើស្ដង់ដារថ្មីនេះ គឺកម្ពុជានៅខ្វះខាតមូលដ្ឋានគតិយុត្តបន្ថែមទៀតជាច្រើន សម្រាប់ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក៏ដូចជាហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ភាពខ្វះចន្លោះនេះបានក្លាយជាមូលហេតុដាក់ប្រទេសកម្ពុជាចូលទៅក្នុងបញ្ជីប្រផេះ ជាលើកទីពីរ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

យ៉ាងណាក៏ដោយ នៅឆ្នាំ២០២០នេះ គណៈកម្មការអឺរ៉ុប កាលពីសប្តាហ៍មុន បានស្នើដាក់ប្រទេសកម្ពុជា និងប្រទេស១១ទៀតទៅក្នុង«បញ្ជីខ្មៅ»នៃបណ្ដាប្រទេសដែលត្រូវបង្កើនការត្រួតពិនិត្យពីសកម្មភាពនៃការលាងលុយកខ្វក់។ តែវិធានការថ្មីនេះនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីខែតុលាខាងមុខ ដោយសារតែប្រទេសទាំងនោះកំពុងជួបបញ្ហាជំងឺកូវីដ១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង