Yearendyearend1140x150

អ៊ីស្រាអែលចង់ចុះMOUជាមួយកម្ពុជាដើម្បីនាំពលករកម្ពុជាទៅបម្រើការក្នុងវិស័យកសិកម្មនៅប្រទេសខ្លួន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតទើបត្រូវបានតែងតាំងថ្មីនៃរដ្ឋអ៉ីស្រាអែល (រូបភាព៖ Sakhon Veng)

ភ្នំពេញ៖ ភាគីអ៉ីស្រាអែលមានបំណងចុះ MOU រវាងរដ្ឋាភិបាលទាំងពីរ (G to G Umbralla) ដើម្បីនាំយកពលករកម្ពុជាទៅបម្រើការក្នុងវិស័យកសិកម្មនៅប្រទេសអ៊ីស្រាអែល ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសជួយអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្ម។ នេះជាការលើកឡើងរបស់លោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតទើបត្រូវបានតែងតាំងថ្មីនៃរដ្ឋអ៉ីស្រាអែល (State of Israel) ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបពិភាក្សានាពេលថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញឆន្ទ:គាំទ្រលើគម្រោងនៃការនាំយកពលករកម្ពុជាទៅបម្រើការក្នុងវិស័យកសិកម្មនៅប្រទេសអ៉ីស្រាអែល ព្រោះបើអាចកើតឡើងបាននោះវានឹងជួយពង្រឹង និងពង្រីកសមត្ថភាពកសិករកម្ពុជាទាំងផ្នែកទ្រឹស្តី និងការអនុវត្តអំពីការប្រើប្រាស់បច្ចេកទេសកសិកម្ម ទំនើបរបស់អ៊ីស្រាអែល។

ទាក់ទងនឹងបញ្ហានេះ លោកជំទាវមានក្តីសង្ឃឹមថា នឹងទទួលបានការសហការល្អពីក្រសួងការងារ ហើយនិងឈានចុះហត្ថលេខាក្នុងពេលដ៏ខ្លីខាងមុខនេះ។

ក្រៅពីគម្រោងនេះ កម្ពុជា-អ៉ីស្រាអែល ក៏បានពិភាក្សាគ្នាអំពីការបណ្តុះបណ្តាលធនធានមនុស្ស (និស្សិត) និងការផ្តល់នូវបទពិសោធន៍ដល់សាស្រ្តាចារ្យ ក្នុងការបណ្តុះបណ្តាលនិស្សិតនៅសកលវិទ្យាល័យ ហើយចំណុចនេះបាននិងកំពុងអនុវត្តយ៉ាងសកម្ម។ ទន្ទឹមនឹងនេះ ភាគីកម្ពុជាចង់ស្នើសុំបង្កើនកូតា ឬរក្សាឲ្យនៅត្រឹម ២០០នាក់/ឆ្នាំ ព្រោះកន្លងមក ភាគីអ៊ីស្រាអែលមានបំណងចង់កាត់បន្ថយមកនៅត្រឹម ១០០នាក់ ប៉ុន្តែតាមរយៈការប្រឹងប្រែងរបស់លោកជំទាវ តាមការស្នើសុំរបស់ភាគីកម្ពុជា រដ្ឋាភិបាលអ៉ីស្រាអែលថានឹងពិនិត្យ ពិចារណារក្សាតាមការស្នើសុំរបស់កម្ពុជា។

មួយវិញទៀតគឺការបង្កើតកសិដ្ឋានបង្ហាញ (Demonstration Farm) នៅកម្ពុជា ហើយករណីនេះ អាចសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលរួមចំណែកធ្វើការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មឲ្យកាន់តែមានភាពទូលំទូលាយដល់កសិករ និងនិស្សិត។

តបតាមការអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រីថានឹងដឹកនាំគណប្រតិភូកម្ពុជា រួមទាំងវិស័យឯកជននឹងទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសអ៉ីស្រាអែល នាពេលអនាគតដ៏ខ្លី ដើម្បីសិក្សា ស្វែងយល់ និងដកស្រង់បទពិសោធន៍បន្ថែមទាក់ទងការអភិវឌ្ឍវិស័យកសិកម្ម និងកសិធុរកិច្ច ជាពិសេសអនុវិស័យសាកវប្បកម្ម និងប្រព័ន្ធដំណក់ទឹក រួមទាំងការកែច្នៃ។

គួរបញ្ជាក់ថា រដ្ឋាភិបាលអ៉ីស្រាអែល បានផ្តល់ឱកាសឲ្យនិស្សិតកម្ពុជាឆ្នាំទី៣ បានទៅហាត់ការនៅប្រទេសអ៉ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទល់បច្ចុប្បន្នេះមានរយ: ពេល១៤ឆ្នាំ មាននិស្សតសរុបចំនួន ១ ៤៦៩នាក់ ហើយបច្ចុប្បន្នពួកគេបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការចែករំលែកបទពិសោធន៍ល្អៗទាក់ទងបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលទទួលបានពីប្រទេសអ៉ីស្រាអែលដើម្បីអភិវឌ្ឍវិស័យនេះឲ្យកាន់តែរីកចម្រើនស្របតាម ផែនការជាយុទ្ធសាស្រ្តក្នុងការធ្វើទំនើបកម្មកសិកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង