Yearendyearend1140x150

អ្នកនាង អ៊ន់ លក្ខិណា៖ប្រយោជន៍បណ្ណាល័យ កើតឡើងអាស្រ័យអ្នកគ្រប់គ្នាយល់ដឹងអំពីការអាន

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/
អ្នកនាង អ៊ន់ លក្ខិណា គ្រូបង្រៀនផ្នែកភាសាខ្មែរ និងអង់គ្លេស

ភ្នំពេញ៖ បណ្ណាល័យជាទីកន្លែងដ៏មានសារៈសំខាន់សម្រាប់ឱ្យមនុស្សគ្រប់រូបចូលអានសៀវភៅ និងស្រាវជ្រាវ ដើម្បីស្វែករកចំណេះដឹងថ្មីៗ។ប៉ុន្តែនៅកម្ពុជា បណ្ណាល័យហាក់មិនសូវទទួលបានការគាំទ្រដោយសារតែខ្វះសម្ភារៈ និង ភាពទាក់ទាញមួយចំនួន។នេះជាការលើកឡើងរបស់អ្នកនាង អ៊ន់ លក្ខិណា គ្រូបង្រៀនផ្នែកភាសាខ្មែរ និងអង់គ្លេសម្នាក់ថ្លែងប្រាប់ស៊ីស៊ីថាមស៍។សម្រាប់លក្ខិណា ដើម្បីឱ្យបណ្ណាល័យទទួលបានការគាំទ្រច្រើនអាស្រ័យអ្នកគ្រប់គ្នានៅក្នុងសង្គមយល់ដឹងអំពីប្រយោជន៍នៃការអាន។ 

អ្នកនាង អ៊ន់ លក្ខិណា មានអាយុ២២ឆ្នាំ សព្វថ្ងៃអ្នកនាងជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ជំនាញភាសាអង់គ្លេស និងកំពុងសិក្សាអនុបណ្ឌិតផ្នែកអប់រំភាសាអង់គ្លេស នៅសាកលវិទ្យាល័យជូឡាឡាំកន នៅប្រទេសថៃ។ អ្នកនាងធ្លាប់បានបង្កើតបណ្ណាល័យចល័តមួយនៅសាលារៀនអនុវិទ្យាល័យជីពាំង ដែលជាឃ្លាំងនៃចំណេះដឹងរបស់មនុស្សគ្រប់ៗ រូប មិនថាចាស់ ឬក្មេងឡើយ។

អ្នកនាងបាននិយាយថា៖ « ជាទូទៅ ស្ថានភាពបណ្ណាល័យនៅតាមគ្រឹះស្ថានអប់រំភាគច្រើន គឺខ្វះសម្ភារៈសម្រាប់ផ្ដល់ទៅតាមតម្រូវការរបស់សិស្ស។ ឧទាហរណ៍ ក្នុងបណ្ណាល័យមានតែតុ សម្រាប់អានសៀវភៅ ដែលបណ្ណាល័យគួរតែមានកន្លែងដែលសិស្សអាចអង្គុយបានស្រួលជាង តុ ឬអាចថាមានកន្លែងសិស្សអាចទម្រេតខ្លួនអានក៏បាន មិនចាំបាច់ត្រូវតែអង្គុយអាន លើកៅអី ដាក់សៀវភៅលើតុនោះទេ។ ចំណែកសៀវភៅក៏មិនសូវមានច្រើនទៅតាមតម្រូវការ រៀនសូត្ររបស់សិស្សបណ្ណាល័យតាមគ្រឹស្ថានសិក្សាភាគច្រើនប្រៀបបីដូចជាបន្ទប់ថ្នាក់រៀន ដែលគ្មានភាពទាក់ទាញសម្រាប់សិស្ស »។

អ្នកនាងបានបន្ថែមថា៖ « បណ្ណាល័យដែលមានភាពទាក់ទាញសម្រាប់សិស្សគឺ ៖ (១) ត្រូវមានសៀវភៅតាមតម្រូវការរៀនសូត្ររបស់សិស្ស និងសៀវភៅចំណេះដឹងផ្សេងៗ តាមកម្រិតយល់ដឹងរបស់សិស្សនៃស្ថាប័ន។(២) សម្ភារៈក្នុងបណ្ណាល័យគួរតែមានលើសពីតុ និង កៅអី គួរតែមានកន្លែងដែលសិស្សអង្គុយបត់ជើងក៏បាន គេងក៏បាន ទម្រេតខ្លួនក៏បាន (កុំខ្លាចថាសិស្សចូលបណ្ណាល័យដើម្បីគេង ទោះគាត់គេងមែនក៏យ៉ាងហោចណាស់ គាត់បានជ្រើសរើសបណ្ណាល័យជាកន្លែងគេង) ទី(៣) មានកន្លែងដែលសិស្សអាចពិភាក្សាក្រុម ធ្វើការងារក្រុមបានក្នុងបណ្ណាល័យ ទី(៤) មានការតាំងរបស់របរ ឬរូបភាពផ្សេងៗ ទាក់ទងនឹងវប្បធម៌ អរិយធម៌ សិល្បៈនានា នៃអត្តសញ្ញាជាតិខ្មែរ ទី(៥)បរិយាកាសក្នុងបណ្ណាល័យគួរតែមានខ្យល់អាកាសល្អ បន្ទប់ស្អាត ត្រជាក់មិនក្ដៅទី(៦) បណ្ណារក្សជាមនុស្សចូលចិត្តអានសៀវភៅ និង ចូលចិត្តអោយក្មេងអានសៀវភៅ »។

បន្ថែមលើពីនេះ ក្រសួងអប់រំត្រូវផ្ដល់ថវិការបន្ថែមលើបណ្ណាល័យ ឬត្រូវសហការ អោយបានជិតស្និទ្ធិជាមួយអង្គការក្រៅរដ្ឋាភិបាល ឬអ្នកដែលពាក់ព័ន្ធ ដើម្បីផ្ដល់ជំនួយដល់ បណ្ណាល័យ ព្រោះបណ្ណាល័យល្អ គឺត្រូវប្រើប្រាស់ថវិកាច្រើន ។នេះជាការបន្ថែមរបស់អ្នកនាង អ៊ន់ លក្ខិណា។

សម្រាប់អ្នកនាង អ៊ន់ លក្ខិណា យល់ថា ការអាន គឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សមិនថាក្មេង ឬចាស់ទេ ការអានផ្ដល់នូវចំណេះដឹងទូទៅបន្ថែមក្រៅពីរៀននៅក្នុងថ្នាក់ ការរៀននៅក្នុងថ្នាក់តែម៉្យាង មិនអាចគ្រប់គ្រាន់ទេ ជាពិសេសពេលណាមានបណ្ណាល័យ គឺសិស្សចាប់ផ្ដើមរៀនអានអ្វី ដែលគាត់ចាប់អារម្មណ៍ វាជាការរៀនសូត្រដែលកើតចេញពីការចង់ដឹងរបស់ខ្លួនឯងពិតៗ។

អ្នកនាង អ៊ន់ លក្ខិណា និយាយថា« សិស្សខ្លះគាត់អាចរៀននៅក្នុងថ្នាក់ខ្សោយពិតមែនព្រោះមុខវិជ្ជាខ្លះវា មិនត្រូវនឹងចំណាប់ អារម្មណ៍របស់គាត់ មិនមែនគាត់ខ្សោយទេ ដូចនេះបណ្ណាល័យនេះហើយ ដែលអាចបំពេញតម្រូវការគាត់បាន»។

ជាមតិយោបល់លក្ខិណា បានសង្កត់ធ្ងន់ថា ដើម្បីរួបរួមគ្នាលើតំកើងគុណប្រយោជន៍នៃបណ្ណាល័យ គឺ ជំហានដំបូង អ្នកគ្រប់គ្នាត្រូវយល់ដឹងអំពីអត្ថប្រយោជន៍របស់អំណានជាមុនសិន ហើយរួមសហការគ្នាស្វែងរកវិធីផ្សេងៗ ដើម្បីរៀបចំការអានសៀវភៅ អោយមានភាពទាក់ទាញ មានសម្ភារៈគ្រប់គ្រាន់តាមតម្រូវការ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង