ស្ទឹងត្រែង៖ ត្រីបបែល ដែលត្រូវបានអ្នកនេសាទ នៅក្នុងខេត្តស្ទឹងត្រែងចាប់បាន កាលពីថ្ងៃទី១៣ មិថុនា បច្ចុប្បន្នបានបំបែកកំណត់ត្រា ជាត្រីទឹកសាប ធំបំផុតលើលោក។ ត្រីបបែលនេះ មានទម្ងន់ប្រមាណជា ៣០០គីឡូក្រាម និង ត្រូវបានគេដាក់ឈ្មោះថា «បូណ៌មី» ដែលមានន័យថា «ព្រះច័ន្ទពេញវង្ស»។
ត្រីបបែល ដែលត្រូវបានអ្នកនេសាទចាប់បានកាលពីថ្ងៃទី១៣ មិថុនា កន្លងទៅនេះ មានទម្ងន់ប្រមាណជា ៣០០គីឡូក្រាម និងមានប្រវែង ៣.៩៨ ម៉ែត្រ ដែលធ្វើឱ្យត្រីទឹកសាបមួយក្បាលនេះ បំបែកកំណត់ត្រាក្លាយជា ត្រីទឹកសាប ធំបំផុតលើលោក។ ត្រីបបែលនេះ ត្រូវបានគេដាក់ឈ្មោះថា «បូណ៌មី» ដែលមានន័យថា «ព្រះច័ន្ទពេញវង្ស»។
បន្ទាប់ពីត្រីបបែលនេះត្រូវបានចាប់បាន អ្នកជំនាញខាងអេកូឡូស៊ីអន្ដរជាតិ នៃគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ បានសហការជាមួយរដ្ឋបាលជលផលកម្ពុជា ក្នុងការវាស់វែងត្រីបបែលយក្សនេះ។
តាមរយៈត្រីបបែលយក្យនេះ ប្រទេសកម្ពុជា ទទួលបានពរជ័យជាជីវចម្រុះដ៏អស្ចារ្យ ដែលប្រជាពលរដ្ឋទាំងមូល ពិតជា មានមោទកភាព ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្នុងការលើកកម្ពស់ការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីតួនាទីដ៏សំខាន់របស់ទន្លេមេគង្គ៕