Yearendyearend1140x150

គណបក្សដឹកនាំរដ្ឋាភិបាលកម្ពុជាប្រកាសការពារ«សន្តិភាព និង ការអភិវឌ្ឍ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រមុខគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ប្រមុខគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៨ មិថុនានេះ បានប្រកាសការពារសន្តិភាព និង ពុំឲ្យមានរឿងប្រល័យពូជសាសន៍ដូចកាលពីមុនឡើង។ ប្រមុខប្រធានគណបក្សប្រជាជនថ្លែងបែបនេះក្នុងពិធី អង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។

ថ្លែងក្នុងពីធីអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ប្រមុខប្រធានបក្ស សម្តេច ហ៊ុន សែន បានឲ្យដឹងថា ក្រោយថ្ងៃជ័យជម្នះ៧មករា គណបក្សប្រជាជនកម្ពុជា បានជ្រោងទង់មហាសាមគ្គីជាតិដឹកនាំស្តារ និងកសាងប្រទេសឡើងវិញដែលចេញដំណើរពីចំណុចសូន្យក្នុងស្ថានភាពមានសន្តិភាពផង ព្រមទាំងសង្រ្គាមផង។

បើតាមសម្តេច ហ៊ុន សែន ក្រោមពន្លឺសន្តិភាពប្រជាជនកម្ពុជា បានផ្លាស់ប្តូរធំៗវិជ្ជមាន ប្រកបដោយមោទនភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច និងសង្គមដែលបានបើកឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាទាំងប្រុស ស្រី អាចប្រកបមុខរបរកស៊ីជួញដូរដោយសេរី និង គ្មានការគំរាមគំហែងដោយសារសង្គ្រាម។

សម្រាប់សម្តេច ហ៊ុន សែន សមិទ្ធផលដែលគណបក្សប្រជាជនបានសម្រេចក្នុងរយះពេល ៤៥ឆ្នាំមកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹមត្រូវខាង នយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជនកម្ពុជា មានរចនាសម្ព័ន្ធរឹងមាំ និងរបៀបរបបការងារត្រឹមត្រូវ។ ប៉ុន្តែក្នុងដំណើរទៅមុខទៀត យើងក៏មិនត្រូវភ្លេចនូវសោកនាដកម្ម ការបែកបាក់ព្រាត់ប្រាស់ និងការបាត់បង់យ៉ាងធំធេងដែលបងប្អូនខែ្មរយើងធ្លាប់ជួបប្រទះឡើយ។

ត្រង់ចំណុចនេះប្រមុខប្រធានបក្សប្រជាជនកម្ពុជារូបនេះ អំពាវនាវ ឲ្យប្រជាជនរួមគ្នាជាធ្លុងមួយដើម្បីបន្តរក្សាសមិទ្ធផលធំៗទាំងនោះឲ្យបានដោយពុំត្រូវភ្លេចខ្លួន ដើរជាន់ប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតដោយចេតនា ឫដោយអចេតនាក្តី ហើយប្រជាជនកម្ពុជាគ្រប់រូបគួតែចាប់ដៃគ្នាកសាងសន្តិភាពបន្ថែម និងពុំត្រូវជឿលើពាក្យញុះញង់ពីខាងណាឡើយ។

សូមជម្រាបជូនថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេច ហ៊ុន សែន ជាប្រមុខបក្ស ត្រូវបានបង្កើតឡើងនៅថ្ងៃ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) គិតមកដល់ថ្ងៃនេះគណបក្សចាស់វស្សាមួយនេះមានអាយុ៧១ឆ្នាំហើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង