Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

ប្រេសិតពិសេសអាស៊ាន ទទូចឱ្យបញ្ជូនលោកស្រី អោងសាន ស៊ូជី ត្រឡប់ទៅលំនៅដ្ឋានវិញ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានជម្រាបជូនក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ា នូវ «ក្តីកង្វល់យ៉ាងខ្លាំងរបស់សហសេវិកអាស៊ាន» ចំពោះរបាយការណ៍ស្ដីពីការផ្ទេរលោកស្រី អោងសាន ស៊ូជី ពីលំនៅដ្ឋានទៅកាន់ពន្ធនាគារនៅក្នុងទីក្រុងណៃពិដោ និងបានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សម្របសម្រួលដល់ការបញ្ជូនលោកស្រីត្រឡប់ទៅលំនៅដ្ឋានដែលជាទីតាំងលោកស្រីត្រូវបានឃុំខ្លួនពីដំបូង។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងក្នុងលិខិតផ្ញើជូន ឯកឧត្ដម Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពេលថ្មីៗនេះថា៖ «ខ្ញុំមិនមានមន្ទិលសង្ស័យទេថាក្តីបារម្ភដូចគ្នានេះកើតឡើងហួសពីក្នុងរង្វង់អាស៊ាន ដោយហេតុថាលោកស្រី អោងសាន ស៊ូជី ត្រូវបានចាត់ទុកក្នុងរង្វង់អន្តរជាតិ និងដោយប្រជាជនជាច្រើននៅមីយ៉ាន់ម៉ាថាមានតួនាទីដ៏សំខាន់ក្នុងការវិលត្រឡប់ទៅរកប្រក្រតីភាព និងការផ្សះផ្សាជាតិឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈដំណោះស្រាយនយោបាយដោយសន្តិវិធីមួយ»។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពី មីយ៉ាន់ម៉ា «ខ្ញុំសូមលើកឡើងពីការទទូចរបស់សហសេវិកអាស៊ាន សូមអោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃមីយ៉ាន់ម៉ា ប្រកាន់យកក្តីអនុគ្រោះ និងសម្រួលដល់ការវិលត្រឡប់របស់លោកស្រី អោងសាន ស៊ូជី ទៅកាន់លំនៅដ្ឋានដែលលោកស្រីត្រូវបានឃុំខ្លួនពីដំបូង ដោយហេតុផលសុខភាព និងសុខមាលភាព ទ្រុឌទ្រោមរបស់លោកស្រី ក៏ដូចជាការអនុវត្តនីតិរដ្ឋប្រកបដោយយុត្តិធម៌ និងសុភវិនិច្ឆ័យ»។

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានលើកឡើងថា «យើងទាំងអស់គ្នាមានទស្សនៈដូចគ្នាថា ការផ្សះផ្សាជាតិដោយសន្តិវិធី មិនអាចកើតឡើងបានឡើយ នៅពេលដែលភាគីមួយនៃជម្លោះ មិនត្រូវបានបញ្ជូលទៅក្នុងសមីការ (equation) ដំណោះស្រាយ» និងបានគូសបញ្ជាក់ថា «អាស្រ័យហេតុនេះ សហសេវិកអាស៊ានទាំងអស់ ជំរុញយ៉ាងខ្លាំងអោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា ចាប់ផ្តើមដំណើរការប្រកបដោយបរិយាប័ន្ននៃការផ្សះផ្សាជាតិ ដោយមិនមានការពន្យារពេលបន្ថែមទៀតនោះឡើយ»។ ឯកឧត្ដមប្រេសិតពិសេស បានបន្ថែមថា ដំណោះស្រាយនយោបាយដោយសន្តិវិធី ចំពោះជម្លោះមួយ ទោះបីជាមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ត្រូវតែមានការចែករំលែកលំហនយោបាយដោយភាគីពាក់ព័ន្ធទាំងអស់៕                                                               

Khcct banner

អត្ថបទទាក់ទង