Yearendyearend1140x150

រដ្ឋបាលក្រុងព្រះសីហនុ៖ រយៈពេល៥ឆ្នាំកំណើនទេសចរណ៍កើនឡើងជាង៧លាននាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ព្រះសីហនុ៖ អភិបាលរងនៃខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ នាថ្ងៃទី ២២ ខែមិថុនាបានឲ្យដឹងថា «ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា» ហើយហើយមិនត្រឹមតែប៉ុណ្ណោះកូននាគនៅទិសនិរតីមួយក៏កំពុងប្រែមុខមាត់ជាថ្មីបន្ទាប់ពិរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ អភិបាលរងនៃខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ថ្លែងបែបនេះក្នុងជំនួបពិភាក្សាជាមួយមន្រ្តីសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលមានបំណងសិក្សាស្វែងយល់អំពីសក្តានុពល និងការអភិវឌ្ឍថ្មីៗរបស់ខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ បានថ្លែងឲ្យដឹងថា ខេត្តព្រះសីហនុ ជាតំបន់ប៉ូលអភិវឌ្ឍជាតិមួយដ៏សំខាន់នៅតំបន់ឆ្នេរ សមុទ្រកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍ «ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ»។

បន្ថែមពីនេះលោក ឡុង ឌីម៉ង់ បានពន្យល់ថាខេត្តព្រះសីហនុ សំបូរទៅដោយធនធានធម្មជាតិដ៏សម្បូរបែប មានផ្ទៃដីសរុប ២.៦៥៩ គីទ្បូម៉ែត្រក្រទ្បា មានកោះចំនួន ៣២ និងឆ្នេរប្រវែង ១៧៥,៨១ គីទ្បូម៉ែត្រ និងមានប្រជាជនសរុប ៣១០.០៧២ នាក់ ដង់ស៊ីតេប្រជាជន ១១៦នាក់/គម២។ ខេត្តព្រះសីហនុ ត្រូវបានទទួលស្គាល់ថា ជាខេត្តដែលមានសក្តានុពលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើ វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិ-ឧស្សាហកម្ម សំណង់ អចលនទ្រព្យ និងកំពង់ផែទឹកជ្រៅ។

ដោយឡែកចំពោះវិស័យទេសចរណ៍វិញលោកបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរ មកកាន់ខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២១៖ ទេសចរសរុបៈ ១,១០១,៩៥៦នាក់ ភ្ញៀវជាតិ: ១,០១៧,៤៨៨នាក់ ភ្ញៀវអន្តរជាតិ: ៨៤,៣១៦នាក់ អំពីចំនួនភ្ញៀវទេសចរ មកកាន់ខេត្តព្រះសីហនុ អំឡុងពេល ៥ឆ្នាំចុងក្រោយ ពីឆ្នាំ២០១៥-២០២ ទេសចរសរុបៈ ៨,៩៤២,៦៣៨នាក់ ភ្ញៀវជាតិ: ៦,៧៦៥,៨៧៩នាក់ និង ភ្ញៀវអន្តរជាតិ: ២,១៧៦,៧៤១នាក់។

ក្នុងនោះដែលមានមូលដ្ឋានអាជីវកម្មសរុប ៣៥១ កន្លែង កើនឡើង ៧៦ ទីតាំង ធៀបនឹងឆ្នាំ២០២១។ សណ្ឋាគារ មាន ៧៨ កន្លែង (ផ្កាយ ៥មាន ១០ទីតាំង), ផ្ទះសំណាក់ មាន ៤១ កន្លែង, បឹងហ្គាឡូ មាន ៣៩កន្លែង, ភោជនីយដ្ឋាន ១៣៤ កន្លែង, ម៉ាស្សា ២២ កន្លែង, និងបៀរហ្គាឌិន-ខារ៉ាអូខេ ២១ កន្លែងជាដើម។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និង ជាតារារះនាទិសនិរតី។ ការដាក់ចេញផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ជាបន្តបន្ទាប់ រួមជាមួយសមិទ្ធផលនៃការអភិវឌ្ឍលើគ្រប់វិស័យនឹងជួយឱ្យខេត្តព្រះសីហនុក្លាយជាកន្លែងទាក់ទាញឱ្យទៅសម្រាកកម្សាន្តរបស់ភ្ញៀវជាតិ និង អន្តរជាតិ នាពេលខាងមុខឆាប់ៗនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង