Yearendyearend1140x150

មន្ត្រីក្រសួងបរិស្ថាន៖ «កុំជឿថាហូបសាច់ព្រៃប៉ូវកម្លាំង មានតែនាំរោគមកវិញទេ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា 

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា នាថ្ងៃទី ២២ មិថុនា នេះបានចេញសារដាស់តឿនកុំឲ្យប្រជាពលរដ្ឋជឿពាក្យចចាមរ៉ាមរបស់ឈ្មួញថាហូបសាច់ព្រៃប៉ូវកម្លាំង លោកបញ្ជាក់ថាសាច់សត្វព្រៃមិនប៉ូវកម្លាំងហើយថែមទាំងនាំមកវិញនូវមេរោគផ្សេងៗទៀត។ឯកឧត្តមថ្លែងបែបនេះក្នុងឱកាសនៃការបើកយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គមលើកទីពីរ ដើម្បី ការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា ដែលប្រារព្ធនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានអ្នកចូលរួមពីភាគីពាក់ព័ន្ធនានរួមនឹងនិស្សិតប្រមាណ ១០០នាក់។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឲ្យដឹងថា «សូមកុំជឿថាសាច់សត្វព្រៃ សំណាក់សត្វព្រៃជាថ្នាំប៉ូវកម្លាំង និងព្យាបាលជំងឺ តែនឹងធ្វើឱ្យសុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់កានតែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង និងពេលខ្លះប្រឈមនឹងការបាត់បង់ជីវិតដោយសារតែសាច់សត្វព្រៃនិងសំណាកសត្វព្រៃគ្មានការពិនិត្យសុខភាព និងការបញ្ជាក់ច្បាស់លាស់ឡើយ ក្រៅពីការជឿតាមគ្នា ឮតៗគ្នា»។ លោក នេត្រ ភក្រ្តាបន្តថា «ប្រជាជនកម្ពុជាគ្រប់ៗរូប ទាំងក្មេងនិងចាស់ មានភារកិច្ចរួមមួយ ក្នុងការអភិរក្សនិងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់យើង។ ក្រសួងបរិសា្ថន អំពាវនាវ ឲ្យប្រជាជនទាំងអស់ ឈប់ហូបសាច់សត្វព្រៃ និងផលិតផលសត្វព្រៃផ្សេងទៀត។ យើង ទទូច ឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស «និយាយថាទេចំពោះសាច់សត្វព្រៃ» និងចូលរួមក្នុងកិច្ច ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រឆាំងនឹងជំនួញសត្វព្រៃខុសច្បាប់ ក៏ដូចជាចូលរួមក្នុងការអភិរក្ស ធនធានធម្មជាតិរបស់ព្រះរាជាណាចក្រយើង»។

បើតាមលោក រីឆាត ឈិន ប្រធានការិយាល័យកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាពទីភ្នាក់ងារជំនួយអាមេរិក USAID បានមានប្រសាសន៍ថា «សត្វព្រៃគឺជាផ្នែកមួយដ៏សំខាន់នៃមរតកជាតិរបស់ប្រទេសកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ច។ យើងសង្ឃឹមថា ការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជីវៈចម្រុះ នឹងលើកទឹកចិត្តដល់ ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត ក្នុងការពារសត្វព្រៃ»។

គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់-សូន្យ ដែលដឹកនាំដោយក្រសួងបរិស្ថាន សហការជាមួយអង្គការ WWF កម្ពុជា ទីភ្នាក់ងារជំនួយអាមេរិក USAID អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការ អភិរក្សអន្តរជាតិ (CI) អង្គការ Fauna & Flora International (FFI) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife/BirdLife) និងអង្គការ Wild Earth Allies និងសហគមន៍មូលដ្ឋានបានចាប់ផ្តើមពីខែមីនា ឆ្នាំ២០២២ មានគោលបំណង លុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទ ការជួញដូរ និងបញ្ចប់តម្រូវការសត្វព្រៃនិងផលិតផលធ្វើពីសត្វព្រៃផ្សេងទៀតនៅកម្ពុជា។ យុទ្ធនាការអន្ទាក់-សូន្យ នេះ នឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២២ ដោយផ្តោតលើខេត្តចំនួនប្រាំមួយ គឺខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគីរី កំពង់ធំ និង រតនគីរី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង