Cc time
Cct850x100 1
Itt 0  web banner

មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅប្រទេសជប៉ុនត្រូវបានសម្ពោធជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ជប៉ុន៖ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា (Cambodia Private Commercial Center) នៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២០ ខែមិថុនានេះ។

នៅក្នុងឱកាសនោះ ឯកឧត្តម ទុយ រី បានថ្លែងថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងAtsugi នៃខេត្តKanagawa ប្រទេសជប៉ុន គឺជាសមិទ្ធិផលថ្មីស្រឡាង បានមកពីការរួមសហការរបស់វិស័យឯកជននៅជប៉ុន និងស្ថាប័នជំនាញនៅកម្ពុជា ដោយមានស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនជាស្ពានសម្របសម្រួល ហើយមជ្ឈមណ្ឌលនេះ គឺជាស្ពាន និងជាកន្លែងសម្រាប់ពាណិជ្ជករ វិនិយោគិនជប៉ុន និងសាធារណជនទូទៅមកទំនាក់ទំនងដោយផ្ទាល់ ពិនិត្យផលិតផលសក្តានុពលកម្ពុជា ដែលមានតាំងបង្ហាញ សាកសួរព័ត៌មានច្បាប់បញ្ញត្តិ និងស្រាយចម្ងល់នានា ដើម្បីមានមូលដ្នានសម្រេចធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុន។

ឯកឧត្តមឯកអគ្គរាជទូត បញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងAtsugi នៃខេត្តKanagawa ប្រទេសជប៉ុន នេះ ត្រូវបានអនុញ្ញាតិជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្របតាមគោលនយោបាយការទូតសេដ្ឋកិច្ចកម្ពុជា ដើម្បីគៀងគរការវិនិយោគពីបរទេស និងរកទីផ្សារពង្រីកការនាំចេញផលិតផលកម្ពុជា។

ឯកឧត្តមក៏បានធ្វើការវាយតម្លៃខ្ពស់អំពីតួនាទីរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា Atsugi ដែលជាស្ពានសម្រាប់ផ្សារភ្ជាប់ កាន់តែល្អប្រសើរថែមទៀត នូវទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៃប្រទេសទាំងពីរ៕


Khcct banner

អត្ថបទទាក់ទង