Yearendyearend1140x150

កម្ពុជារក្សាទុកដីជាង១ពាន់ហិកតាសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសជាប់ព្រំដែនវៀតណាម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
តំបន់ប្រវត្តិសាសន៍យោធាតេជោកោះថ្ម X16

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសរក្សាទុកដីចំនួន ១១៧៦ ហិកតា នៅតំបន់ប្រវត្តិសាសន៍យោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយការរក្សាទុកដីជាង១ពាន់ហិកតានេះ គឺដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាប់ព្រំដែនវៀតណាម។ ការប្រកាសនេះធ្វើឡើងនៅក្នុងឱកាសដែលសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមប្រារព្ធខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) និងសម្ពោធសមិទ្ធិផលមួយចំនួននៅព្រំដែនកម្ពុជា-វៀតណាម។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា នាថ្ងៃអនាគតតំបន់ប្រវត្តិសាសន៍យោធាតេជោកោះថ្ម X16នេះ នឹងក្លាយជាតំបន់ផ្លាស់ប្តូរទំនិញដ៏ល្អ ព្រោះតំពន់នេះបានតភ្ជាប់ទៅកំពង់នានាដែលបានបង្កភាពងាយស្រួលដល់អ្នកវិនិយោគ។ មួយវិញទៀត តំបន់នេះអាចប្រែក្លាយទៅជាតំបន់កែច្នៃ ព្រោះកសិផលនឹងវត្ថុធាតុដើមរបស់កម្ពុជាមានចំនួនច្រើននៅតំបន់មួយនៃខេត្តក្រចេះ ដែលបានតភ្ជាប់ជាមួយតំបន់ទាំងនេះ។

សម្តេចបន្តថា ដីជាង១ពាន់ហិកតានេះត្រូវរក្សាទុក និងគ្រប់គ្រងឱ្យបានល្អ ដើម្បីទាក់ទាញវិនិយោគិនចូលមកធ្វើតំបន់សេដ្ឋកិច្ចពិសេស ដូចនេះតំបន់នេះត្រូវតែទទួលបានការអភិវឌ្ឍន៍ទាំងបណ្ដាញទឹក បណ្ដាញភ្លើង សេវាទូរស័ព្ទ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍នៅតំបន់នេះ ឱ្យក្លាយទៅជាតំបន់តភ្ជាប់ ហើយសម្តេចក៏បានស្នើឱ្យមានការពង្រីកផ្លូវថ្នល់នៃតំបន់នេះនៅក្នុងឆ្នាំ២០២៣-២០២៤។

មួយវិញទៀត សម្ដេចបានស្នើឱ្យភាគីទាំងពីរ (កម្ពុជា-វៀតណាម) ពិនិត្យអំពីទម្រង់បែបបទមួយចំនួនដើម្បីធ្វើយ៉ាងណាបង្កឱ្យមានភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរចេញ-ចូលប្រទេសទាំងពីរ ក្នុងគោលបំណងដើរកម្សាន្ត និងសិក្សាស្រាវជ្រាវ នៅតំបន់ប្រវត្តិសាសន៍យោធាតេជោកោះថ្ម X16៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង