Cc time
Cct850x100 1
Sme laon web banner(1800 x 300)

សត្វត្មាតចំនួន ១២៨ ក្បាលត្រូវបានកត់ត្រានៅទីតាំងចំនួន ៤ ក្នុងតំបន់ការពារធម្មជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ក្រចេះ៖ សត្វត្មាតចំនួន ១២៨ ក្បាល កាលពីថ្ងៃទី១៧ ខែមិថុនា ត្រូវបានកត់ត្រាក្នុងខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះចំនួន ២៤ក្បាល និងមណ្ឌលគិរី។ ខណៈកាលពីឆ្នាំ២០២១ សត្វត្មាតមានចំនួនតែ ១២១ ក្បាលប៉ុណ្ណោះ នៅតំបន់ការពារធម្មជាតិកម្ពុជា ក្នុងនោះមានត្មាតភ្លើង ត្មាតផេះ និងត្មាតត្នោត។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែមិថុនា បានថ្លែងថា សត្វត្មាតចំនួន ១២៨ ក្បាលត្រូវបានកត់ត្រា នៅដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែងចំនួន ៨០ក្បាល ដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារចំនួន ១៥ក្បាល ដែនជម្រកសត្វព្រៃសម្បូណ៌ ខេត្តក្រចេះចំនួន ២៤ក្បាល និងដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរីចំនួន ៩ ក្បាល។

ឯកឧត្តម នេត្រ ភក្ត្រា ឱ្យដឹងថា ទិន្នន័យសត្វត្មាតកាលពីឆ្នាំ២០២១ មានចំនួន ១២១ ក្បាលនៅក្នុងអាហារដ្ឋានត្មាតចំនួន ៤ កន្លែង នៅតំបន់ការពារធម្មជាតិកម្ពុជា ក្នុងនោះមានត្មាតភ្លើង ២០ ក្បាល ត្មាតផេះ ៦៦ ក្បាល និងត្មាតត្នោត ៣៥ ក្បាល។

ទោះបីជាមិនទាន់អាចកំណត់បាននៅចំនួនសត្វត្មាតពិតប្រាកដ នៅឆ្នាំ ២០២២ នេះនៅឡើយ ប៉ុន្ដែក្រុមការងារអភិរក្សសត្វត្មាត នឹងបន្តតាមដានបន្ថែមនិងត្រូវធ្វើជំរឿនចំនួន ២ ដងទៀតសម្រាប់ឆ្នាំ ២០២២ នេះ គឺនៅខែកញ្ញា និងខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើសេចក្តីសន្និដ្ឋានថាចំនួនសត្វត្មាតនៅឆ្នាំ ២០២២ នេះមានចំនួនកើនឡើង ឬក៏មានចំនួនថេរ បើប្រៀបធៀបនឹងឆ្នាំ ២០២១ កន្លងទៅនេះ។

គួរបញ្ជាក់ថា ការស្រាវជ្រាវ និងអភិរក្សសត្វត្មាត នៅប្រទេសកម្ពុជា បានចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០០៤ ដែលនៅពេលនោះចំនួនសត្វត្មាត ដែលបានកត់ត្រាពេលធ្វើជំរឿនមានចំនួន ១៦២ ក្បាល ដែលជាទិន្នន័យធ្វើជំរឿនលើកដំបូង ។ ទិន្នន័យជំរឿនឆ្នាំ ២០១០ ចំនួនសត្វត្មាតបានកើនដល់ ២៨៩ ក្បាល ប៉ុន្តែចាប់ពីឆ្នាំ ២០១១ ដល់ ២០១៤ ចំនួនសត្វត្មាតមានការថយចុះគួរឱ្យបារម្ភ៕


Khcct banner

អត្ថបទទាក់ទង