Yearendyearend1140x150

រដ្ឋមន្រ្តីក្រសួងព័ត៌មានចោទសួរអ្នកប្រតិកម្មរឿងក្តី«សេង ធារី»ពីសេរីភាពនៃការបញ្ចេញមតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ នៅថ្ងៃទី១៦មិថុនានេះ បានសម្តែងនូវប្រតិកម្មជុំវិញសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរ បន្ទាប់ពីក្រុមច្រមុះស្រួចស្រែកខ្ទរខ្ទារ ហើយតែងតែនិយាយថាកម្ពុជាបំបិទសិទ្ធពលរដ្ឋក្នុងការបញ្ចេញនូវមតិយោលបល់របស់ខ្លួនលើបណ្តាញសង្គម។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចោទសួរអ្នកប្រតិកម្មរឿងក្តីកញ្ញា សេង ធារី ពីការអនុវត្តន៍ស្តង់ដារ«សេរីភាពនៃការបញ្ចេញមតិ»ទៅកាន់បណ្តាប្រទេស និងអង្គការសិទ្ធិមនុស្សដែលបានប្រតិកម្មរឿងតុលាការកម្ពុជា កាត់ទោសកញ្ញា សេង ធារី ខ្មែរមានសញ្ជាតិអាមេរិក ឱ្យជាប់ពន្ធនាគារ។

ការសម្តែងនូវប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីតុលាការកម្ពុជាបានចេញសាលក្រមផ្តន្ទាទោស កញ្ញា សេង ធារី រយៈពេល៦ឆ្នាំ ពីបទរួមគំនិតក្បត់ ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ជាមួយមេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី រួមទាំងបក្ខពួក។

បើយោងតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់យ៉ាងដូចច្នេះថា”ដូចបាននិយាយពីមុនអញ្ចឹង ! គ្រាន់តែតុលាការកម្ពុជាកាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និង អង្គការស៊ីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿង«សេរីភាពនៃការបញ្ចេញមតិ» តែពួកគាត់ធ្វើមិនដឹងពីសំនួរដែលខ្ញុំសួរកាលពីជាង ៩០ ថ្ងៃមុន ដែលថា «ហេតុអី»គាត់បិទ Russia Today, Sputnik និង ដាក់សារព្រមានលើរាល់ការផ្សាយនានារបស់រុស្ស៊ីចាប់តាំងពីមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មក ?

កម្ពុជា ប្រឆាំងការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន ឈរលើគោលការណ៍ដែលសម្តេចតេជោបានលើកហើយ គឺកម្ពុជាប្រឆាំងរាល់ការគំរាមប្រើកម្លាំង និង ការប្រើកម្លាំងក្នុងរាល់ដំណោះស្រាយរវាងប្រទេសមួយនិងប្រទេសមួយ ប៉ុន្តែចង់ដឹងថាតើពួកគាត់ប្រើជញ្ជីងតែមួយក្នុងរឿង«សេរីភាពនៃការបញ្ចេញមតិ»នេះ ឬ យ៉ាងណា ?”។

យ៉ាងណាម៉េចបន្ទាប់ពីមានការផ្ទុះប្រតិកម្មរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មានក៏មានបងប្អូនខ្មែរមួយចំនួនធំគាំទ្រចំពោះប្រតិកម្មរបស់ឯឧត្តម ហើយមួយចំនួនទៀតពុំយល់ស្របចំពោះការលើកឡើងរបស់ឯកឧត្តមឡើយ។

សូមជម្រាបថា សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី តែងតែប្រឆាំងតវ៉ានូវសេចក្តីសម្រេចរបស់តុលាការ សាលាដំបូងរាជធានីភ្នំពេញ និង បានដើរចូលរួមតវ៉ារាល់ការសម្រេចរបស់តុលាការ តាមរយៈការតុបតែងខ្លួនប្លែកៗទាក់ទាញការចាប់អារម្មណ៍ពីអ្នកសារព័ត៌មានអន្តរជាតិ និង ក្រុមអង្គការសង្គមស៊ីវិលផ្សេងៗ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង