Cc time
Cct850x100 1
Sme laon web banner(1800 x 300)

យូនីសេហ្វ ចាប់ផ្តើមយុទ្ធនាការថ្មីជាមួយយុវជនដើម្បីដោះស្រាយវិបត្តិផ្លូវចិត្ត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ យូនីសេហ្វកម្ពុជា នៅថ្ងៃទី១៥មិថុនានេះ បានប្រកាសចាប់ផ្តើមយុទ្ធនាការ ថ្មីមួយដែលមានឈ្មោះថា “ខ្ញុំធូរចិត្ត ពេល…” ដើម្បីលើកកម្ពស់ ការយល់ដឹង អំពីសុខភាពផ្លូវចិត្ត។ យុទ្ធនាការនេះ ទទួលបានមូលនិធិគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំកម្ពុជា និងសហការជាមួយអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) កម្ពុជា និងបណ្តាញទូរសព្ទជំនួយកុមារកម្ពុជា។

យុទ្ធនាការនេះអនុវត្តដោយផ្អែកលើព័ត៌មាន ពី ការស្រាវជ្រាវដែលបានរកឃើញថា ជំងឺរាតត្បាតកូវីដ-១៩ បាន ធ្វើឲ្យ វិបត្តិសុខភាពផ្លូវចិត្តដែលកំពុងមានបញ្ហារួចជាស្រាប់នោះ កាន់តែមានសភាពធ្ងន់ធ្ងរប៉ះពាល់ដល់យុវជន នៅទូទាំងពិភពលោក រួមទាំង នៅកម្ពុជាផងដែរ។ របាយការណ៍យូនីសេហ្វស្ដីពីស្ថានភាពពិភពលោក នៅឆ្នាំ២០២១ បានរកឃើញថា យុវវ័យ ម្នាក់ក្នុងចំណោម ៧នាក់ នៅទូទាំងសកលលោក ត្រូវបានគេរកឃើញថាកំពុងរស់នៅជាមួយ វិបត្តិផ្លូវចិត្ត។

នៅកម្ពុជា ការសិក្សារបស់យូនីសេហ្វ និងដៃគូស្ដីពីផលប៉ះពាល់ សេដ្ឋកិច្ចសង្គម បានរកឃើញថា ៤៥% នៃយុវវ័យដែលបានចូលរួម នៅក្នុងការអង្កេត បានព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនក្នុងអំឡុង នៃជំងឺរាតត្បាតនេះ និង ១៦% មានអារម្មណ៍ថប់បារម្ភ ឬធ្លាក់ទឹកចិត្ត ចាប់តាំងពីពេលចាប់ ផ្ដើមនៃ វិបត្តិនេះ។

បន្ថែមលើនេះ ការវាយម្លៃរួមគ្នាស្ដីពីតម្រូវការការអប់រំ ដែលត្រូវបានធ្វើរួមគ្នាដោយ ក្រសួង អប់រំ យុវជន និងកីឡា ក្រុមការងារវិស័យ អប់រំ និងយូនីសេហ្វ បានរកឃើញថា ៥៨% នៃ សិស្សមធ្យមសិក្សា បានត្រូវបានរាយការណ៍ថា បានជួបប្រទះនឹង បញ្ហាផ្លូវចិត្ត យ៉ាងហោចណាស់មួយ។ អង្គការសម្ព័ន្ធរួមកម្លាំងគ្នាដើម្បីកុមារ ដែលជាសម្ព័ន្ធភាព ចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិផ្នែកសិទ្ធិកុមារធំបំផុតចំនួនប្រាំ បានបញ្ជាក់អំពីទំហំនៃវិបត្តិនេះ នៅខែនេះ និងបានអំពាវនាវឲ្យមានចំណាត់ការឆ្លើយតបនៅទូទាំងប្រទេស។

យុទ្ធនាការ “ខ្ញុំធូរចិត្ត ពេល...” ត្រូវបានប្រកាសចាប់ផ្តើមជា មួយវីដេអូបង្ហាញអំពីយុវជនកម្ពុជាកំពុងប្រើប្រាស់យន្តការដោះស្រាយបែបវិជ្ជមានដូចជា កីឡា មិត្តភាព និងសកម្មភាពច្នៃប្រឌិត ដើម្បីពង្រឹងសុខភាពផ្លូវចិត្តរបស់ពួកគេ និងបន្តរយៈពេល៣ខែ ជាមួយនឹងសកម្មភាពអនទ្បាញជាប្រចាំដើម្បីលើកកម្ពស់ ការយល់ដឹង និង ផ្ដល់ គន្លឹះ និងសេចក្ដីណែនាំដល់យុវជន។

យូនីសេហ្វកម្ពុជា សូមអញ្ជើញដៃគូ សាលារៀន និងអង្គការទាំងអស់នៅកម្ពុជា ដែលមានការព្រួយបារម្ភ អំពីសុខភាពផ្លូវចិត្ត របស់យុវជន ឲ្យប្រើប្រាស់ មាតិកា និងសម្ភារនានា ដែលខ្លួនកំពុងផលិត សម្រាប់យុទ្ធនាការនេះ។ មាតិកា និងសម្ភារទាំងនេះ នឹងមានផ្សព្វផ្សាយតាមរយៈ បណ្ដាញទំនាក់ទំនងសង្គមរបស់យូនីសេហ្វកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង