Yearendyearend1140x150

បណ្ឌិត គិន ភា៖សំណើកម្ពុជាលុបចោលការប្រហារជីវិតអ្នកប្រឆាំងនៅមីយ៉ាន់ម៉ាមានលទ្ធភាពទាប

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា។

ភ្នំពេញ៖ សំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់មេដឹកនាំយោធាមីយ៉ាន់ម៉ា ចំពោះការលុបចោលការប្រហារជីវិតអ្នកទោសនយោបាយ អាចមានលទ្ធភាពកម្រិតទាប ដោយសារតែកន្លងមកឃើញថា មេដឹកនាំមីយ៉ាន់ម៉ានេះ គឺមិនមានភាពស្មោះត្រង់ មិនមានឆន្ទៈក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងដែលអាស៊ានបានដាក់ចេញនូវគោលការណ៍ទាំង៥ចំណុច។ នេះបើតាមការយល់ឃើញរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា។

លោកបណ្ឌិត គិន ភា បានលើកឡើងថា លទ្ធភាពដែលមេដឹកនាំមីយ៉ាន់ម៉ាពិចារណាទៅលើសំណើរបស់កម្ពុជាមានលទ្ធភាពកម្រិតទាប ដោយសារតែកន្លងមកឃើញថា មេដឹកនាំមីយ៉ាន់ម៉ានេះ គឺមិនមានកិច្ចសន្យាពេញលេញ មិនមានភាពស្មោះត្រង់ មិនមានឆន្ទៈក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងរបស់អាស៊ាន ដែលលោក មីន អ៊ុងឡាំង ជាអ្នកមេដឹកនាំយោធាមីយ៉ាន់ម៉ាខ្លួនឯង បានចុះហត្ថលេខាផងដែរនោះទេ។ គិតមកទល់ពេលនេះ សូម្បីតែ១ចំណុចក៏មិនមានវឌ្ឍនភាពដែរ។

លោកបណ្ឌិត គិន ភា បានថ្លែងថា ការស្នើសុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ានផង ហើយក៏ក្នុងនាមប្រទេសកម្ពុជាផ្ទាល់ ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ពីព្រោះអ្វីដែលកំពុងកើតឡើងនេះ វាមិនត្រឹមតែប៉ះពាល់ទៅដល់ប្រទេសមីយ៉ាន់ម៉ាតែមួយទេ ប៉ុន្តែវាប៉ះពាល់ទៅដល់អាស៊ានទាំងមូល ហើយក៏ដូចជាប៉ះពាល់បញ្ហាតំបន់ផងដែរ។ ដូច្នេះបានជា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ចាប់តាំងពីតួនាទីជាប្រធានអាស៊ានមក គឺប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ពិសេស ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ក្នុងការជួយស្វែងរកដំណោះស្រាយវិបត្តិនយោបាយ។

លោកបណ្ឌិត បានបន្តថា ប្រសិនបើមីយ៉ាន់ម៉ានៅតែបន្តជួបនូវវិបត្តិនយោបាយតទៅទៀត ធ្វើឲ្យដំណើរសមាហរណកម្មអាស៊ានជួបប្រទះបញ្ហា ព្រោះកន្លងមកនេះ គឺកិច្ចប្រជុំសំខាន់ៗរបស់អាស៊ានគឺត្រូវបានអវត្តមាននៃតំណាងថ្នាក់ខ្ពស់របស់មីយ៉ាន់ម៉ា។ ជាការពិតគឺគេអញ្ជើញត្រឹមតែតំណាងដែលមិនមែននយោបាយឲ្យចូលរួម ហើយមីយ៉ាន់ម៉ាខ្លួនឯងក៏បានពហិការ មិនបញ្ជូនតំណាងមិននយោបាយទៅចូលរួមកិច្ចប្រជុំសំខាន់ៗរបស់អាស៊ានកន្លងមក ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។

សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងនាមជាប្រធានអាស៊ានបានធ្វើសំណើទៅកាន់ លោក មីន អ៊ុងឡាំង ដែលជាមេដឹកនាំយោធាមីយ៉ាន់ម៉ា ចំពោះការលុបចោលការប្រហារជីវិតអ្នកទោសនយោបាយ។ ការប្រកាសរបស់សម្តេចធ្វើឡើងនៅក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នៅថ្ងៃទី១៣មិថុនា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង