Cc time
Cct850x100 1
Itt 0  web banner

កញ្ញា វ៉ាន់ធី លីម ប្រាប់ពីបទពិសោធន៍ នៃការរស់នៅ និងសិក្សានៅប្រទេសថៃ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កញ្ញា លីម ជាអតីតសិស្សនៃវិទ្យាល័យតេជោសៀមប៉ាង នៃខេត្តស្ទឹងត្រែង។ កញ្ញា លីម បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០១៦ និងទើបតែបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ជំនាញទំនាក់ទំនងសាជីវកម្ម ពីសាកលវិទ្យាល័យប៊ូរផា (Burapha University) ប្រទេសថៃ។

តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ កញ្ញា លីម បានឱ្យដឹងថា កញ្ញា បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ នៃវិទ្យាល័យតេជោសៀមប៉ាង នៃខេត្តស្ទឹងត្រែ ក្នុងឆ្នាំ២០១៦។ ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី១២ កញ្ញា បានជាប់អាហារូបករណ៍ក្រសួងអប់រំ ជំនាញច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

កញ្ញា លីម បានបន្ដថា កញ្ញាបានសិក្សាជំនាញច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចរយៈពេល២ឆ្នាំ។ បន្ទាប់មកកញ្ញា បានប្រឡងអាហារូបករណ៍មកសិក្សាជំនាញទំនាក់ទំនងសាជីវកម្ម នៃសាកលវិទ្យាល័យប៊ូរផា ខេត្តឈុនបុរី ប្រទេសថៃ។

កញ្ញា លីម បានបន្ដទៀតថា កញ្ញាជ្រើសរើសសិក្សាជំនាញទំនាក់ទំនងសាជីវកម្ម ជំនួសឱ្យការបន្ដការសិក្សាជំនាញច្បាប់ នៅប្រទេសថៃ ពិព្រោះជំនាញទំនាក់ទំនងសាជីវកម្មជាជំនាញដែលខ្លួនស្រឡាញ់។ ការសិក្សាជំនាញនេះមិនត្រឹមតែរៀននៅក្នុងថ្នាក់តែមួយនោះទេ ថែមទាំងមានការអនុវត្តជាច្រើន ដែលអាចសិក្សាបានក្រៅពីការរៀននៅក្នុងថ្នាក់។ ម្យ៉ាងវិញទៀត ជំនាញនេះផ្ដល់ឱកាសការងារជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។

កញ្ញា លីម បានបន្ថែមទៀតថា ការដែលកញ្ញា សម្រេចចិត្តប្រឡងអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ព្រោះអាហារូបករណ៍នោះមិនត្រឹមតែផ្ដល់ទៅលើថ្លៃសិក្សាប៉ុណ្ណោះទេ ថែមទាំងផ្ដល់កន្លែងស្នាក់នៅ និងប្រាក់ឧបត្ថម្ភ។ បន្ថែមពីនេះទៀត កញ្ញាក៏មានបំណងទៅសិក្សានៅបរទេសផងដែរ។

កញ្ញា វ៉ាន់ធី លីម និងមិត្តភក្ដិ

កញ្ញា លីម បានបន្ថែមទៀតថា គ្រប់សិស្សនិស្សិត ដែលបន្ដការសិក្សានៅប្រទេសថៃ ផលពិបាកដែលជួបប្រទះគឺមិនខុសគ្នាឡើយ។ នៅពេលដែលកម្មវិធីសិក្សាជាភាសាថៃ នោះបញ្ហាប្រឈមគឺភាសា។ ជាពិសេសអំឡុងពេលមានការរាតត្បាតនៃជំនងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ជាខ្លាំងទៅលើការសិក្សា។ បន្ថែមពីនេះទៀត អំឡុងពេលមានការរាតត្បាតនោះ កញ្ញា មានការពិបាកដែលមិនអាចត្រឡប់មកលេងស្រុកកំណើត នៅពេលសាលាឈប់សម្រាកបានឡើង។

កញ្ញា លីម បានឱ្យដឹងទៀតថា តាមរយៈការសិក្សានៅទីនោះ កញ្ញាបានរៀនសូត្រជាច្រើនពីការរស់នៅទីនោះ។ ជាពិសេស គឺការផ្លាស់ប្ដូរ និងបត់បែនទៅតាមកាលៈទេសៈនៃការរស់នៅ និងវប្បធម៌របស់ប្រទេសថៃ។ ម្យ៉ាងវិញទៀតការរស់នៅបរទេសធ្វើឱ្យយើងក្លាយជាមនុស្សដែលមានទំនួសខុសត្រូវខ្ពស់ ហ៊ានប្រឈមមុខគ្រប់បញ្ហា និងរស់នៅដោយមានភាពម្ចាស់ការលើជីវិតខ្លួនឯង។ ដើម្បីដោះស្រាយបញ្ហាទាំងនោះ កញ្ញាជឿជាក់ថា មិនថាបញ្ហាធំប៉ុណ្ណា តែងតែមានដំណោះស្រាយ និងព្យាយាមធ្វើវាឱ្យអស់ពីសមត្ថភាព នោះយើងនិងឆ្លងកាត់បញ្ហាទាំងនោះបាន។

រហូតមកដល់បច្ចុប្បន្ននេះ អ្វីដែលកញ្ញាលីម គិតថាជាភាពជោគជ័យធំរបស់ខ្លួននោះគឺការប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ និងបញ្ចប់ការសិក្សានៅប្រទេសថៃដោយពិន្ទុខ្ពស់ ថែមទាំងទទួលបានជា Second Class honor ថែមទៀតផង ៕



Khcct banner

អត្ថបទទាក់ទង