Yearendyearend1140x150

យុវជន មាស សុបញ្ញា លើកយកស៊ីក្លូ និងបញ្ហាបរិស្ថានក្នុងកម្មវិធីជំនាន់ថ្មីរបស់យូនីសេហ្វ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ លោក Antoine Raab

ភ្នំពេញ៖ យូនីសេហ្វ (UNICEF) កាលពីថ្ងៃទី០៦ មិថុនា បានបង្ហាញយុវជនឆ្នើមចំនួន ១៥រូប ដែលត្រូវបានជ្រើសរើសក្នុងចំណោមយុវជនប្រមាណ ១២០នាក់ ឲ្យចូលរួមក្នុងកម្មវិធីជំនាន់ថ្មី ឆ្នាំ២០២២។ ក្នុងនោះក៏មានយុវជន១រូប ឈ្មោះ មាស សុបញ្ញា ដែលមានអាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៃសាលារៀនជំនាន់ថ្មី ព្រះស៊ីសុវត្ថិ ក៏បានជាប់ក្នុងការជ្រើសរើសនោះដែរ។

តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ យុវជន មាស សុបញ្ញា បានឱ្យដឹងថា មូលហេតុដែលខ្លួនដាក់ពាក្យចូលរួមនៅក្នុងកម្មវិធីជំនាន់ថ្មី របស់យូនីសេហ្វ ពិព្រោះ បញ្ញា មើលឃើញពីបញ្ហាបរិស្ថាន នៃការកើនឡើងកម្ដៅផែនដី និងបង្កើនការប្រើប្រាស់យានជំនិះដែលមិនបង្កបញ្ហាដល់បរិស្ថាន នោះគឺស៊ីក្លូ។

បញ្ញា បានបន្ដថា បើតាមសមាគមស៊ីក្លូ បានឱ្យដឹងថានៅក្នុងប្រទេសកម្ពុជាមានស៊ីក្លូតែ ៣០០គ្រឿងប៉ុណ្ណោះ ដែលជាចំនួនមួយតិចជាខ្លាំងបើប្រៀបធៀបទៅចំនួនតុកតុក នៅក្នុងប្រទេសកម្ពុជា។

បញ្ញា បានបន្ដទៀតថា ដោយមើលឃើញពីបញ្ហាទាំងអស់នោះហើយ ទើបខ្លួន និងសមាជិកក្រុម ៥នាក់ផ្សេងទៀតបានបង្កើតគំរោងមួយ ដែលខ្លួនបានដាក់នៅក្នុងកម្មវិធីជំនាន់ថ្មី ឆ្នាំ២០២២ មានឈ្មោះថា «Cyclo Day» មានន័យថា ថ្ងៃនៃការជិះស៊ីក្លូ។

បញ្ញា បានបន្ដថា នៅថ្ងៃទី២៦ វិច្ឆិកា ខ្លួន និងសមាជិកក្រុមគ្រោងនឹង បិទតំបន់ណាមួយក្នុងរាជធានីភ្នំពេញ ដែលអនុញ្ញាតឱ្យប្រើប្រាស់តែស៊ីក្លូ កង់ និងយានជំនិះផ្សេងៗទៀត ដែលគ្មានផ្សែងពុល និងមិនប៉ះពាល់ដល់បរិស្ថានតែប៉ុណ្ណោះ។

យុវជន មាស សុបញ្ញា និងមិត្តភក្ដិ (រូបភាព៖ លោក ម៉ៅ មុនីរតនះ) 

សម្រាប់គំរោងនេះដែរ បញ្ញា និងសមាជិកក្រុម គ្រោងធ្វើរយៈពេលបីឆ្នាំ ថែមទាំងមានគំរោងកំណត់យកថ្ងៃទី២៦ វិច្ឆិកា ក្នុងរយៈពេលបីឆ្នាំនេះជាថ្ងៃនៃការប្រើប្រាស់យានជំនិះដែលគ្មានផ្សែងពុល។ បើតាមការគ្រោងទុក គំរោងនេះនឹងធ្វើនៅរាជធានីភ្នំពេញ ខេត្តសៀមរាម និងខេត្តបាត់ដំបង ទៅតាមឆ្នាំនីមួយៗ។

បើតាមសម្ដីរបស់បញ្ញា បានឱ្យដឹងទៀតថា តាមរយៈគំរោងនេះ បើទោះបីមានការបិទតំបន់ណាមួយ និងមានការប្រើប្រាស់យានជំនិះ ដែលគ្មានផ្សេងពុលត្រឹមតែ១ថ្ងៃក្ដី ក៏សង្ឃឹមថា ប្រជាជនខ្មែរចងចាំពីស៊ីក្លូ ដែលជាយានជំនិះដ៏ចំណាស់របស់ខ្មែរ បន្ថែមពីនេះទៀត ស៊ីក្លូ ក៏ជាដំណោះស្រាយមួយនៃបញ្ហាបរិស្ថានផងដែរ។ តាមរយៈគំរោងនេះ សង្ឃឹមថាប្រជាជនខ្មែរ បង្កើនការប្រើប្រាស់យានជំនិះដែលមិនប៉ះពាល់ដល់បរិស្ថាន។

គួរបញ្ជាក់ថា កម្មវិធីជំនាន់ថ្មីរបស់យូនីសេហ្វជួយគាំទ្រ និងផ្សព្វផ្សាយអំពីអនាគតអ្នកដឹកនាំវ័យក្មេងរបស់ប្រទេសកម្ពុជា មិនថាអ្នកផ្តួចផ្តើមគំនិតជាតែម្នាក់ឯង ឬជាក្រុម។ តាមរយៈកម្មវិធីជំនាន់ថ្មីនេះ យុវជននឹងអាចចាប់ផ្តើមការផ្លាស់ប្តូរបែបវិជ្ជមានបាន៕

យុវជនទាំង១៥រូប ក្នុងកម្មវិធីជំនាន់ថ្មី ឆ្នាំ២០២២ (រូបភាព៖ លោក Antoine Raab)
យុវជន ក្នុងកម្មវិធីជំនាន់ថ្មី ឆ្នាំ២០២១និង២០២២ និងបុគ្គលិករបស់​ UNICEF (រូបភាព៖ លោក Antoine Raab)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង