Yearendyearend1140x150

កម្ពុជាដាក់«គម្រោងប្រាំឆ្នាំរំកិល»ស្នើទៅចិនសិក្សាគម្រោងសាងសង់ផ្លូវនិងប្រព័ន្ធដឹកជញ្ជូន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៃកម្ពុជា បានឱ្យដឹងពីគម្រោងប្រាំឆ្នាំរំកិលដែលកម្ពុជាបានដាក់ ស្នើទៅមិត្តចិន ក្នុងនោះរួមមាន៖ គម្រោងសាងសង់ផ្លូវបាត់ដំបង-សៀមរាប គម្រោងសាងសង់ផ្លូវកំពង់ធំ-កំពង់ឆ្នាំង គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ម៉ុកបៃ (ព្រំដែនវៀតណាម) គម្រោងសិក្សា ធ្វើទំនើបកម្មផ្លូវដែកកម្ពុជា និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដូចជា៖ គម្រោងសិក្សារថភ្លើងក្រោមដី ប្រព័ន្ធរថភ្លើងអាកាស(Monorail) និងប្រព័ន្ធរថភ្លើងគ្មានអ្នកបើក(AGT) ដើម្បីបញ្ចៀសការកកស្ទះ ចរាចរណ៍ដែលជាបញ្ហាកង្វល់ដ៏ធំក្នុងភ្នំពេញ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងឳកាសអញ្ជើញផ្តល់បទសម្ភាសន៍ ស្តីពីការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានថ្លែងពីគម្រោងដ៏ធំមួយទៀតគឺគម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត តភ្ជាប់រវាងកម្ពុជា និងវៀតណាម គម្រោងផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅក្រុង ហូជីមិញ ដែលជាគម្រោងដ៏ធំមួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គម្រោងសិក្សាការដឹកជញ្ជូនផ្លូវទឹកទន្លេបាសាក់ ពីភ្នំពេញឆ្ពោះត្រង់ទៅកាន់សមុទ្រកម្ពុជា ដែលអាចផ្ដល់ផលចំណេញយ៉ាងច្រើនកាត់ បន្ថយពេលវេលា កាត់បន្ថយតម្លៃដឹកជញ្ជូន និងនីតិវិធីគ្រប់បែបផងដែរ។

ទាក់ទងនឹងជំនួយរបស់ចិនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការ ស្វាគមន៍ចំពោះជំនួយជាប្រាក់កម្ចីសម្បទាន ការប្រាក់ទាបរបស់មិត្តចិន ដែលអនុញ្ញាតឱ្យកម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនខ្វាត់ខ្វែងគ្រប់ទីកន្លែងទាំងអស់ ដើម្បីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋធូរធារ និងល្អជាងមុន សេដ្ឋកិច្ចជាតិមានការរីកចម្រើន អនុញ្ញាតឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០ និងបានបង្ហាញ ជំនឿយ៉ាងមុតមាំថា៖ មិត្តចិននឹងនៅបន្តផ្ដល់ជំនួយឥតសំណង ក៏ដូចជាប្រាក់កម្ចីការប្រាក់ទាប ដើម្បី អនុវត្តគម្រោងកសាងផ្លូវ ស្ពាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។

ឆ្លៀតក្នុងឳកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈ សំខាន់នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចកម្ពុជាធំៗចំនួនបីដូចជាប៉ូលសេដ្ឋកិច្ចភ្នំពេញ ប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចខេត្តសៀមរាប និង បានសង្កត់ធ្ងន់ថា៖ ការតភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញ-ក្រុងព្រះសីហនុ តាមរយៈផ្លូវល្បឿនលឿននេះ នឹងធ្វើ ឱ្យការដឹកជញ្ជូនទំនិញ ក៏ដូចជាអ្នកដំណើរកាន់តែមានប្រសិទ្ធភាព ចំណាយពេលវេលាតិចជាងមុន កាត់បន្ថយចំណាយ និងធ្វើឱ្យប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុមានការរីកចម្រើនថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង