Cc time
Cct850x100 1
Sme laon web banner(1800 x 300)

រុស្ស៊ីព្រមាននឹងវាយលុកគោលដៅថ្មីប្រសិនបើអាម៉េរិកផ្គត់ផ្គង់មីស៊ីលដល់អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រុស្ស៊ីព្រមាននឹងវាយលុកគោលដៅថ្មីប្រសិនបើអាម៉េរិកផ្គត់ផ្គង់មីស៊ីលដល់អ៊ុយក្រែន ប្រភពរូប៖ ស៊ីស៊ីធីវិ

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា ទីក្រុងមូស្គូនឹងធ្វើការវាយលុកគោលដៅថ្មីៗ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់ទីក្រុងគៀវ។

លោក ពូទីន បានប្រាប់ទូរទស្សន៍ Rossiya-1 ថា «ប្រសិនបើពួកគេផ្ដល់ឱ្យទីក្រុងគៀវនូវមីស៊ីលរយៈចម្ងាយឆ្ងាយ យើងនឹងធ្វើការសន្និដ្ឋានសមស្រប ហើយនឹងដាក់ពង្រាយអាវុធរបស់យើង ដើម្បីវាយប្រហារលើគោលដៅដែលយើងមិនធ្លាប់បានវាយប្រហារពីមុនមក»។

លោក ពូទីន បានបន្ថែមថា ការផ្ដល់សព្វាវុធបែបនេះទៅកាន់ទីក្រុងគៀវ មិនផ្លាស់ប្តូរអ្វីនោះទេ ប៉ុន្តែនឹងធ្វើឱ្យជម្លោះកាន់តែយូរ។

នៅថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់កញ្ចប់សព្វាវុធដែលមានតម្លៃ ៧០០ លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន រួមទាំងប្រព័ន្ធរ៉ុក្កែត M142 ផងដែរ។

ក្រសួងការពារជាតិអ៊ុយក្រែន ក៏បានប្រកាសនាពេលថ្មីៗនេះថា ប្រទេសនេះកំពុងទទួលបានប្រព័ន្ធមីស៊ីលប្រឆាំងនាវា Harpoon ពីប្រទេសដាណឺម៉ាក អង់គ្លេស និងហូឡង់ ដើម្បីការពារខ្លួននៅក្នុងសមុទ្រខ្មៅ ខណៈដែលប្រទេសផ្សេងទៀតក៏នឹងផ្គត់ផ្គង់ឧបករណ៍ការពារក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអឺរ៉ុបកាលពីថ្ងៃទី ២៨ ឧសភា លោកពូទីន បានចង្អុលបង្ហាញថា ការផ្គត់ផ្គង់អាវុធនឹងធ្វើឱ្យស្ថានការណ៍កាន់តែអស្ថិរភាព និងធ្វើឱ្យវិបត្តិមនុស្សធម៌នៅអ៊ុយក្រែនកាន់តែអាក្រក់ទៅៗ៕

Khcct banner

អត្ថបទទាក់ទង