Cct850x100 1

រដ្ឋបាលរាជធានីភ្នំពេញលើកទឹកចិត្តឱ្យមានការវិនិយោគ«រោងចក្រ»នៅជាយក្រុង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលខេត្តរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញលើកទឹកចិត្តឱ្យមានការវិនិយោគ«រោងចក្រ»នៅជាយក្រុង ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងកាត់បន្ថយការស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលខេត្តរាជធានីភ្នំពេញ ថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះ។

លោក ឃួង ស្រេង បានលើកឡើងថា ការលើកទឹកចិត្តឱ្យមានការវិនិយោគ«រោងចក្រ»នៅជាយក្រុង ក្នុងគោលបំណងផ្តល់នូវផលប្រយោជន៍ទាំងអស់គ្នា គឺទី១ មិនប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ទី២ កាត់បន្ថយនូវការចំណាយរបស់ម្ចាស់រោងចក្រ សហគ្រាស ចំនេញពេលវេលា ដោយនៅទីក្រុងនាពេលបច្ចុប្បន្នម្ចាស់រោងចក្រ សហគ្រាតែងតែជ្រើសរើសម៉ោងទៅតាមកាលកំណត់ មានន័យថាមិនអាចជ្រើសរើសម៉ោងចេញពីធ្វើការនៅពេលដែលប្រជាពលរដ្ឋកំពុងមមាញឹកធ្វើដំណើរនៅតាមផ្លូវក្នុងភ្នំពេញបានទេ។ ទី៣ គឺនៅតាមជាយក្រុងមានផ្លូវដែលមានទំហំធំដែលអាចសម្រួលដល់ការដឹកជញ្ជូន និងកាត់បន្ថយការស្ទះចរាចរណ៍ផងដែរ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា សាលារាជធានីភ្នំពេញមិនមានសិទ្ធិបង្គាប់បញ្ជាឲ្យថៅកែរោងចក្ររុះរើរោងចក្រ សហគ្រាស ឬឃ្លាំងរបស់គាត់ចេញពីរាជធានីភ្នំពេញនោះទេ។ តែលោកលើកទឹកចិត្តឲ្យមានការរកទីតាំងធ្វើរោងចក្រ សហគ្រាស ឬឃ្លាំង នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ព្រោះក្រោយពេលផ្លូវនេះសាងសង់រួចនឹងលែងឲ្យរថយន្តកុងតឺន័រ និងរថយន្តធំចូលមករាជធានីភ្នំពេញទៀតហើយ។

គួរបញ្ជាក់ដែរថា ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការដឹកជញ្ជូនតភ្ជាប់ពីបណ្តាខេត្តនានាមករាជធានីភ្នំពេញ និងបញ្ចៀសចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ ផ្លូវក្រវាត់ក្រុងខ្សែទី៣ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ក្នុងនោះឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ ជាង១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១៕

Khcct banner

អត្ថបទទាក់ទង