Yearendyearend1140x150

សម្តេច ស ខេង៖ការបំផុសកុំពលរដ្ឋសងបំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុមិនអាចទៅរួចឡើយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា សម្តេច ស ខេង

ខេត្តកែប៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា សម្តេច ស ខេង នៅថ្ងៃទី២៩ ឧសភានេះបានថ្លែងថា ការបំផុសឱ្យប្រជាពលរដ្ឋកុំសងបំណុលគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងមិនអាចទៅរួចឡើយ ទោះជានៅកន្លែងណាក៏ដោយ។

ថ្លែងចេញពីទឹកដីខេត្តកែប សម្តេច ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គេបានបំផុសអំពីបញ្ហាបំណុល ការជំពាក់បំណុល រហូតដល់ទាមទារថាមិនឱ្យសង ដែលនេះជាការឃោសនាដែលមិនអាចធ្វើទៅបានទេ ព្រោះកាលណាជំពាក់គេត្រូវតែសង គ្រាន់តែថាពន្យារពេលយ៉ាងណា ដើម្បីឱ្យគ្នាមានលទ្ធភាពអញ្ចឹងទេ ប៉ុន្តែបើថាជំពាក់ហើយមិនសង អាហ្នឹងទៅមិនរួចទេ នៅកន្លែងណាក៏ទៅមិនរួចដែរ»។

ជាការកត់សម្គាល់ ចាប់តាំងពីកម្ពុជាមានការរីករាលដាលជំងឺកូវីដ១៩ ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតជួបការលំបាក ដោយសារថមថយចំណូល។ ឆ្លៀតឱកាសនេះ ប្រធានអតីតប្រឆាំងនៅក្រៅប្រទេសបានញុះញង់ឱ្យប្រជាពលរដ្ឋកុំទៅបង់បំណុលធនាគារ ក្រោមមូលហេតុថា ពលរដ្ឋបាត់បង់ចំណូល។

សម្តេច ស ខេង បានជំរុញឱ្យមន្រ្តីត្រូវធ្វើការតាមដានជាប្រចាំនូវព័ត៌មានមិនពិត ជាលក្ខណៈញុះញង់ ហើយធ្វើការបកស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់។ សម្តេចបានបន្តថា បើមិនដូច្នោះទេ ព័ត៌មានទាំងនោះអាចធ្វើឱ្យមានការយល់ច្រឡំ ហើយប៉ះពាល់ដល់ស្ថិរភាពនយោបាយ។

ចំពោះផលពិបាករបស់ពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ សិក្សាលទ្ធភាពដើម្បីសម្រួលដល់អ្នកជំពាក់បំណុលក្នុងកម្រិតណាមួយ។ បន្ទាប់ពីមានការអំពាវនាវនេះ មានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន បានដាក់ចេញនូវវិធានការដោយខ្លះមិនផាកពិន័យលើការបង់ប្រាក់យឺតយ៉ាវ ខ្លះទៀតអនុញ្ញាតឱ្យពន្យារពេលបង់ប្រាក់ដើមផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង