Yearendyearend1140x150

តម្លៃដឹកជញ្ជូនក្នុងស្រុកកើនឡើងចន្លោះពី១៥%ទៅ២០%ក្រោយប្រេងសាំងកាន់តែឡើងថ្លៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ តម្លៃប្រេងសាំងលើទីផ្សារក្នុងតំបន់ និងអន្តរជាតិបានឡើងថ្លៃគួរឱ្យកត់សម្គាល់ ដែលបណ្តាលមកពីសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន។ កត្តានេះបានធ្វើឱ្យតម្លៃដឹកជញ្ជូនក្នុងស្រុកកើនឡើងចន្លោះពី១៥%ទៅ២០% បន្ទាប់ពីក្រុមហ៊ុនដឹកជញ្ជូនមួយចំនួននៅក្នុងរាជធានីភ្នំពេញបានចរចារជាមួយដៃគូក៏ដូចជាអ្នកប្រើប្រាស់ដើម្បីសុំដំឡើងថ្លៃដឹកជញ្ជូន។ នេះបើតាមការលើកឡើងរបស់លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា។

លោក ស៊ិន ចន្ធី បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា មកទល់ពេលនេះស្ថានភាពនៃការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាមានសភាពល្អប្រសើរឡើងវិញជាខ្លាំង ឬអាចនិយាយបានថាមានសភាពធម្មតាវិញ ប៉ុន្តែតម្លៃដឹកជញ្ជូនក្នុងស្រុកបានកើនឡើងចន្លោះពី១៥%ទៅ២០% ដោយសារតែតម្លៃប្រេងសាំងនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារអន្តរជាតិកាន់តែឡើងថ្លៃជាបន្តបន្ទាប់។

លោកបន្តថា បច្ចុប្បន្ននេះ វិស័យដឹកជញ្ជូនកម្ពុជានៅតែរងផលប៉ះទង្គិចបន្តិចបន្តួចបន្ថែមទៀតពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលជាផ្នែកមួយធ្វើឱ្យតម្លៃប្រេងសាំងឡើងថ្លៃ និងបញ្ហាផ្សេងៗទៀតដូចជា កង្វះទូកុងតឺន័រ និងការឡើងថ្លៃខ្ពស់ហួសហេតុចំពោះការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងទ្វីបជាដើម។

លោកបន្ថែមថា ទោះបីជាមានផលប៉ះពាល់យ៉ាងណាក៏ដោយក៏វិស័យដឹកជញ្ជូននៅកម្ពុជានៅតែរក្សាដំណើរការបានដដែរ ហើយការនាំចេញរបស់កម្ពុជានាពេលបច្ចុប្បន្ននេះក៏មិនមានការកកស្ទះដែរ។ ទាក់ទងនឹងបញ្ហាតម្លៃសាំងឡើងថ្លៃគឺមិនមែនជាឧបសគ្គធំដែលអាចបង្អាក់ការដឹកជញ្ជូននៅកម្ពុជាបានទេ។

លោកបញ្ជាក់ថា ជារួមវិស័យដឹកជញ្ជូននៅកម្ពុជាគឺមានដំណើរការធម្មតា ហើយនៅតាមព្រំដែននីមួយៗដូចជាព្រំដែនកម្ពុជា-ថៃ, កម្ពុជា-វៀតណាម និងកម្ពុជា-ឡាវ ក៏មិនមានការកកស្ទះការដឹកជញ្ជូនទំនិញដែរ ប៉ុន្តែគ្រាន់តែមានការពង្រឹងការរិតត្បិតជាងមុនក្នុងការត្រួតពិនិត្យអនាម័យ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩បំប្លែងថ្មីអូមីក្រុង។

ចំពោះការដឹកជញ្ជូននៅតាមកំពង់ផែនីមួយៗរបស់កម្ពុជាដូចជា កំពង់ផែសមុទ្រ និងកំពង់ផែទឹកសាប មិនមានបញ្ហាកកស្ទះអ្វីដែរ ជារួមគឺមានដំណើរការប្រព្រឹត្តទៅធម្មតា ហើយមកទល់ពេលនេះក៏ពុំទាន់មានវិធានការណ៍បន្ថែមទៀតដែរ។ រីឯកំពង់ផែនៅលើពិភពលោកដែលកម្ពុជាត្រូវនាំទៅទំនិញទៅ បើទោះបីជាមានកកស្ទះក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ននេះហាក់បីដូចជាមានសកម្មភាពប្រសើរជាងមុនបន្តិច។ នេះជាការលើកឡើងរបស់ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា។

គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នឹងមានតម្លៃ៥.៦៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៥.៥៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ខណៈតម្លៃប្រេងសាំងស៊ុបពែរមានតម្លៃជាង៦០០០រៀល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង